ខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ណាស់បទពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះ»។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះអើយ សូមសង្គ្រោះខ្ញុំផង ទឹកឡើងដល់ច្រមុះខ្ញុំ ហើយ!។ 2 ខ្ញុំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលខ្ញុំអាចតោងបានឡើយ ខ្ញុំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកខ្ញុំទៅ។ 3 ខ្ញុំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះខ្ញុំស្រែករហូតដល់ស្ងួតបំពង់ក ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំទន្ទឹងរង់ចាំទ្រង់រហូតដល់ផ្សាភ្នែក។ 4 អ្នកដែលស្អប់ខ្ញុំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ខ្ញុំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទខ្ញុំទាំងយល់ច្រឡំ តើឲ្យខ្ញុំសងទៅគេវិញដូចម្ដេចកើត បើខ្ញុំមិនបានយករបស់នោះសោះ! 5 ឱអុលឡោះអើយ ទ្រង់ជ្រាបនូវអំពើលេលា របស់ខ្ញុំស្រាប់ហើយ ទោសពៃរ៍របស់ខ្ញុំ ពុំអាចលាក់កំបាំងនឹងទ្រង់ទេ។ 6 ឱអុលឡោះតាអាឡា ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមកុំឲ្យអស់អ្នកដែលផ្ញើជីវិត លើទ្រង់ត្រូវអាម៉ាស់ ព្រោះតែខ្ញុំ ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកទ្រង់ ត្រូវបាក់មុខ ព្រោះតែខ្ញុំ! 7 ដ្បិតខ្ញុំទ្រាំទ្រឲ្យគេជេរប្រមាថ ខ្ញុំសុខចិត្តអាម៉ាស់មុខ ព្រោះតែទ្រង់។ 8 ញាតិសន្ដានរបស់ខ្ញុំចាត់ទុកខ្ញុំ ដូចជនដទៃ បងប្អូនបង្កើតរបស់ខ្ញុំចាត់ទុកខ្ញុំ ដូចជនបរទេស។ 9 មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលទ្រង់បានធ្លាក់មកលើខ្ញុំ។ 10 ខ្ញុំយំសោកទាំងតមអាហារ ដែលធ្វើឲ្យមនុស្សម្នារឹតតែ ជេរប្រមាថខ្ញុំថែមទៀត។ 11 ខ្ញុំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងខ្ញុំ ទៅលេងសើច។ 12 គេនាំគ្នានិយាយដើមខ្ញុំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ខ្ញុំទៅច្រៀងឡកឡឺយ។ 13 ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។ 14 សូមរំដោះខ្ញុំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យខ្ញុំផុងខ្លួនទៀតឡើយ! សូមឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ខ្ញុំ សូមយកខ្ញុំចេញពីទឹកដ៏ជ្រៅនេះផង! 15 សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកខ្ញុំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកខ្ញុំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ខ្ញុំទុកបានដែរ! 16 អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង! 17 សូមកុំលាក់មុខនឹងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ឡើយ សូមមេត្តាឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំកំពុងតែមានអាសន្ន! 18 សូមមកជិតខ្ញុំ ហើយលោះជីវិតខ្ញុំ សូមរំដោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង! 19 ដ្បិតទ្រង់ជ្រាបហើយថា ខ្ញុំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ទ្រង់មើលឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ខ្ញុំស្រាប់ហើយ។ 20 ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ! 21 ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ខ្ញុំ ហើយនៅពេលខ្ញុំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យខ្ញុំទៅវិញ។ 22 សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស! 23 សូមឲ្យភ្នែករបស់គេទៅជាងងឹតមើលលែងឃើញ ហើយសូមឲ្យគេកោងខ្នងរហូតតទៅ! 24 សូមទ្រង់ធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។ 25 ចូរឲ្យលំនៅរបស់អ្នកនោះក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ! 26 ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលទ្រង់បានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលទ្រង់បានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។ 27 សូមទ្រង់កត់ត្រាទុកនូវកំហុសរបស់ពួកគេ សូមកុំអត់ទោសឲ្យពួកគេឡើយ! 28 សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សសុចរិតឲ្យសោះ ។ 29 ចំពោះខ្ញុំ ខ្ញុំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់ ឱអុលឡោះអើយ! សូមសង្គ្រោះខ្ញុំ សូមលើកខ្ញុំឡើងវិញផង។ 30 ខ្ញុំនឹងច្រៀងសរសើរតម្កើង នាមអុលឡោះ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ទ្រង់ ទាំងកោតសរសើរ។ 31 ការលើកតម្កើងបែបនេះ គាប់បំណងអុលឡោះតាអាឡា ជាងការជូនគោឈ្មោល ឬជូនគោឡើងកទៅទៀត។ 32 ពេលមនុស្សទុគ៌តឃើញទ្រង់រំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកអុលឡោះអើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង! 33 ដ្បិតអុលឡោះតាអាឡាស្តាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ទ្រង់ ជាប់ឃុំឃាំង ទ្រង់មិនបំភ្លេចគេឡើយ។ 34 សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងទ្រង់ ហើយសូមឲ្យសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ សរសើរតម្កើងទ្រង់ដែរ 35 ដ្បិតអុលឡោះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ទ្រង់នឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។ 36 ពូជពង្សអ្នកបម្រើរបស់ទ្រង់ នឹងទទួលទឹកដីជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់នាមទ្រង់ នឹងតាំងទីលំនៅលើទឹកដីនោះ! |
© 2014 United Bible Societies, UK.
United Bible Societies