ពាក្យទូរអាសូមអុលឡោះលើកលែងទោសទំនុកពីសៀវភៅរបស់គ្រូចំរៀង ទំនុករបស់ណាពីទត។ នៅពេលណាពីណាថានមកជួបណាពីទត បន្ទាប់ពីណាពីទតបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។ 1 ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។ 2 សូមលុបលាងកំហុសខ្ញុំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឲ្យបានបរិសុទ្ធ រួចពីបាប! 3 ខ្ញុំទទួលសារភាពថា ខ្ញុំបានធ្វើខុសហើយ អំពើបាបរបស់ខ្ញុំដិតជាប់ នៅក្នុងអារម្មណ៍ខ្ញុំជានិច្ច។ 4 ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់ គឺទាស់នឹងទ្រង់តែមួយគត់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើមួយ ដែលទ្រង់ចាត់ទុកថាជាអំពើអាក្រក់។ ទោះបីទ្រង់កាត់ទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែសុចរិត ហើយទោះបីទ្រង់ធ្វើទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែឥតកំហុសដដែល។ 5 ខ្ញុំមានកំហុសតាំងពីកំណើតមក ហើយខ្ញុំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ! 6 ក៏ប៉ុន្តែ ទ្រង់ពេញចិត្ត នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យខ្ញុំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! 7 សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។ 8 សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។ 9 អុលឡោះអើយ សូមកុំមើល អំពើបាបរបស់ខ្ញុំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ខ្ញុំទៅ។ 10 ឱអុលឡោះអើយ! សូមប្រោសប្រទានឲ្យខ្ញុំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកខ្ញុំផង។ 11 សូមកុំបោះបង់ខ្ញុំឲ្យនៅឆ្ងាយពីទ្រង់ សូមកុំដករសដ៏វិសុទ្ធ របស់ទ្រង់ចេញពីខ្ញុំឡើយ។ 12 សូមប្រោសប្រទានឲ្យខ្ញុំមានអំណរ ព្រោះតែទ្រង់សង្គ្រោះខ្ញុំ សូមគាំទ្រខ្ញុំ ដោយប្រទានឲ្យខ្ញុំ មានចិត្តទូលាយមកពីរសរបស់ទ្រង់។ 13 ខ្ញុំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ទ្រង់ នោះពួកគេនឹងបែរចិត្តវិលមករកទ្រង់វិញ។ 14 ឱអុលឡោះជាម្ចាស់សង្គ្រោះនៃខ្ញុំ សូមរំដោះខ្ញុំឲ្យរួចពីទោសព្រោះតែបានបង្ហូរឈាម នោះខ្ញុំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ទ្រង់ដោយអំណរ។ 15 អុលឡោះតាអាឡាអើយ សូមជួយខ្ញុំឲ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងទ្រង់ផង។ 16 ទ្រង់មិនពេញចិត្ត ឲ្យខ្ញុំធ្វើគូរបានទេ ទោះបីគូរបានដុត ក៏មិនពេញចិត្តទ្រង់ដែរ។ 17 គូរបានដែលទ្រង់ពេញចិត្ត ឲ្យខ្ញុំជូន គឺចិត្តសោកស្តាយ ទ្រង់តែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។ 18 អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។ 19 ពេលនោះ ទ្រង់មុខជាពេញចិត្ត នឹងជំនូនដែលស្របតាមហ៊ូកុំរបស់ទ្រង់ គឺគូរបានដុត ហើយគេនឹងយកគោឈ្មោល មកជូននៅលើអាសនៈរបស់ទ្រង់ដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies