Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 52 - អាល់គីតាប


អ្នក​ទុក​ចិត្ត​លើ​អុលឡោះ និង​អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។ នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម ទៅ​ជម្រាប​ស្តេច​សូល​ថា ស្តេច​ទត​បាន​រត់​ទៅ​ជ្រក​កោន​នឹង​ស្តេច​អហ៊ី‌ម៉ាឡេក។​

1 អ្នក​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ? អុលឡោះ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច!។

2 រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សំដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។

3 អ្នក​ចូល​ចិត្ត​ការ​អាក្រក់​ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​កុហក​ជាង​និយាយ​ការ​ពិត។

4 អ្នក​ចូល​ចិត្ត​ប្រើ​ពាក្យ​សំដី​វាយ​ប្រហារ​គេ អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក សុទ្ធ​តែ​អាស្រូវ​ទាំង​អស់។

5 ហេតុ​នេះ​អុលឡោះ​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ទ្រង់​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ទ្រង់​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក

6 មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:

7 «មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​អុលឡោះ​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។

8 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ខ្ញុំ​ពឹង​ផ្អែក​លើ​ចិត្ត​មេត្តា‌ករុណា របស់​អុលឡោះ​រហូត​ត​ទៅ។

9 ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ជា‌និច្ច ចំពោះ​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​សង្ឃឹម​ទុក​ចិត្ត​លើ​នាម​ទ្រង់ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ព្រោះ​ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម