ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 16 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 16

ពាក្យ​ទូរអា​ដោយ​ទុក​ចិត្ត
កំណាព្យ​របស់​ណាពី​ទត។

1 ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ទ្រង់​ហើយ!

2 ខ្ញុំ​ជម្រាប​អុលឡោះ‌តាអាឡា​ថា ទ្រង់​ជា​អុលឡោះ‌ជា‌អម្ចាស់ នៃ​ខ្ញុំ ក្រៅ​ពី​ទ្រង់ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ខ្ញុំ​ឡើយ!។

3 ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ សុទ្ធ​តែ​ជា​មនុស្ស​ល្អ ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។

4 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ខ្ញុំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ខ្ញុំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។

5 ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។

6 ទ្រង់​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង មក​ខ្ញុំ គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ខ្ញុំ។

7 ខ្ញុំ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​ផ្តល់​យោបល់​ដល់​ខ្ញុំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ខ្ញុំ​ដាស់‌តឿន​ខ្ញុំ​ដែរ។

8 ខ្ញុំ​នឹក​ដល់​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ជា‌និច្ច ដោយ​ទ្រង់​នៅ​ខាង​ស្តាំ​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។

9 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ខ្ញុំ​រីក‌រាយ វិញ្ញាណ​ខ្ញុំ​ត្រេក​អរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ខ្ញុំ ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

10 ដ្បិត​ទ្រង់​នឹង​មិន​បោះ​បង់​ព្រលឹង ខ្ញុំ​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ឡើយ ហើយ​ទ្រង់​មិន​បណ្តោយ​ឲ្យ​សព​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់ រលួយ​ឡើយ​ ។

11 ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies