ហ៊ូកុំស្តីអំពីពួកណាសារីត1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីតជូនអុលឡោះតាអាឡា 3 អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។ 4 ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។ 5 ក្នុងពេលគេញែកខ្លួនជាអ្នកណាសារីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលដែលគេញែកខ្លួនជូនអុលឡោះតាអាឡា គេជាមនុស្សដ៏វិសុទ្ធ គេ ត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃដែលគេបានកំណត់ទុក។ 6 ក្នុងពេលគេញែកខ្លួនជូនអុលឡោះតាអាឡា គេមិនត្រូវចូលទៅជិតសាកសពឡើយ 7 សូម្បីតែសពឪពុកម្តាយ និងបងប្អូនប្រុសស្រីរបស់ខ្លួនក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនជូនអុលឡោះតាអាឡា ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។ 8 ក្នុងអំឡុងពេលដែលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាបរិសុទ្ធ ជូនអុលឡោះតាអាឡា។ 9 ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនជូនអុលឡោះតាអាឡាក្តី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបានបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនអ៊ីមុាំនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 11 អ៊ីមុាំយកសត្វមួយធ្វើគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះអ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។ 12 គាត់ត្រូវចាប់ផ្តើមញែកខ្លួនជូនអុលឡោះតាអាឡា ដោយគិតពេលវេលាសាជាថ្មី គឺជូនកូនចៀមមួយអាយុមួយខួប ជាជំនូនសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។ 13 រីឯហ៊ូកុំស្តីអំពីអ្នកណាសារីត មានដូចតទៅនេះ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 14 គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកជូនអុលឡោះតាអាឡាជាគូរបានដុត កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយមកធ្វើជាគូរបានមេត្រីភាព។ 15 គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំបុ័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងជំនូនម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ច្រួចលើគូរបានមកជាមួយផង។ 16 អ៊ីមុាំយកជំនូនទាំងនោះទៅជូនអុលឡោះតាអាឡា ព្រមទាំងធ្វើគូរបានរំដោះបាប និងគូរបានដុត។ 17 គាត់ជូនចៀមឈ្មោលទៅអុលឡោះតាអាឡា ជាគូរបានមេត្រីភាព ថែមពីលើល្អីនំបុ័ងឥតមេ។ អ៊ីមុាំក៏ត្រូវជូនជំនូនម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ 18 ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា រួចយកសក់សក្ការៈរបស់ខ្លួនទៅដុត ក្នុងភ្លើងអាសនៈដែលធ្វើគូរបានមេត្រីភាព។ 19 អ៊ីមុាំយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីតដែលទើបនឹងកោរសក់សក្ការៈ។ 20 អ៊ីមុាំត្រូវធ្វើពិធីលើកជំនូននៅចំពោះអុលឡោះតាអាឡា។ ជំនូនទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនអ៊ីមុាំថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។ 21 នេះជាហ៊ូកុំស្តីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្តីអំពីជំនូនដែលគេត្រូវជូនអុលឡោះតាអាឡាក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចជូនជំនូនផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមហ៊ូកុំសម្រាប់ពួកណាសារីត»។ គំរូពាក្យជូនពរ22 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 23 «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រអែលដូចតទៅ: 24 “សូមអុលឡោះតាអាឡាប្រទានពរ និងថែរក្សាអ្នក។ 25 សូមអុលឡោះតាអាឡាមើលមកអ្នក ដោយចិត្តមេត្តាករុណា សូមទ្រង់ប្រណីសន្តោសអ្នក។ 26 សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត”។ 27 ពេលពួកអ៊ីមុាំឲ្យពរជនជាតិអ៊ីស្រអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។ |
© 2014 United Bible Societies, UK.
United Bible Societies