Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 5 - អាល់គីតាប


ហ៊ូកុំ​អំពី​មនុស្ស​មិន​បរិសុទ្ធ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​ត​ទៅ៖

2 «ចូរ​បញ្ជា​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បណ្តេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះ​ពាល់​សាក‌សព ចេញ​ពី​ជំរំ។

3 ទោះ​បី​ប្រុស ឬ​ស្រី​ក្តី ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។

4 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្តេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា។


ហ៊ូកុំ​អំពី​ការ​ប្រគល់​របស់​ទៅ​ម្ចាស់​ដើម​វិញ

5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

6 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្តី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះអុលឡោះ‌តាអាឡា និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។

7 អ្នក​នោះ​ត្រូវ​តែ​ទទួល​សារ‌ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។

8 ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ​ត្រូវ​យក​របស់​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា គឺ​ប្រគល់​ជូន​អ៊ីមុាំ ទាំង​ជូន​ចៀម​ឈ្មោល​មួយ ជា​ជំនូន​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។

9 អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ។

10 អ្វីៗ​ដែល​ប្រជា‌ជន​ជូន​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​អ៊ីមុាំ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ»។


ហ៊ូកុំ​អំពី​ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ក្បត់​ចិត្ត​ប្ដី

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖

12 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន

13 គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​ឲ្យ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​នេះ​ដោយ​លួចលាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្តុ‌តាង​បាន​ទេ

14 តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត

15 ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​អ៊ីមុាំ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​ជំនូន​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ និង​ជា​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។

16 អ៊ីមុាំ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា។

17 អ៊ីមុាំ​យកទឹក​បរិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូ​លីដី​នៅ​ជំរំ‌សក្ការៈ​នោះ​ដាក់​ក្នុង​ទឹក។

18 អ៊ីមុាំ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ គាត់​ដាក់​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​នោះ​ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​គាត់​វិញ គាត់​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្តា‌សា​ក្នុង​ដៃ​របស់​គាត់​ផ្ទាល់។

19 អ៊ីមុាំ​ប្រាប់​ឲ្យ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​ដែល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ទេ នោះ​សូម​កុំ​ឲ្យ​ទឹក​សម្បថ​នេះ​នាំ​បណ្តា‌សា​មក​លើ​នាង​ឡើយ។

20 ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​ដែល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន

21 នោះ​សូមអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​នាង​ត្រូវ​បណ្តា‌សា និង​ទទួល​ទោស​តាម​ពាក្យ​ដែល​នាង​បាន​ស្បថ​ស្បែ សូម​អុលឡោះ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្តា‌សា​គ្នា។

22 សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រីអារ!”។ នាង​ត្រូវ​ឆ្លើយ​ថា“សូម​ឲ្យ​កើត​មាន​ដូច្នោះ​មែន! អាម៉ីន!”។

23 អ៊ីមុាំ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវ​ភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។

24 បន្ទាប់​មក គាត់​ឲ្យ​ទឹក​សម្បថ​ទៅ​នាង​ផឹក​ទឹក សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់។

25 អ៊ីមុាំ​ទទួល​យក​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង គាត់​ធ្វើ​ពិធី​លើក​ជំនូន​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ជំនូន​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

26 អ៊ីមុាំ​ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ក្តាប់ ធ្វើ​ជា​ទី​រំលឹក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​គាត់​បង្គាប់​ឲ្យ​ស្ត្រី​នោះ​ផឹក​ទឹក។

27 ក្រោយ​ពី​បាន​ឲ្យ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅ‌ហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្តាល​ឲ្យ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្តា‌សា ហើយ​ប្រជា‌ជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្តា‌សា​គ្នា។

28 ផ្ទុយ​ទៅវិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។

29 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង

30 និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ អ៊ីមុាំ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ហ៊ូកុំ​នេះ។

31 ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម