1 ពួកជនទាំងឡាយ នៅស្រុកយូដា ក៏លើកអូសៀស ដែលមានព្រះជន្ម១៦ឆ្នាំហើយ តាំងឡើងជាស្តេចជំនួសអ័ម៉ាស៊ីយ៉ា ជាព្រះបិតា 2 អូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលព្រះបិតាបានផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ 3 កាលអូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡិម។ 4 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាព្រះបិតាទ្រង់បានធ្វើ 5 ទ្រង់ក៏តាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ជាអ្នកយល់ក្នុងការជាក់ស្តែងពីព្រះតទៅ ហើយនៅវេលា ដែលទ្រង់ស្វែងរកព្រះយេហូវ៉ា អស់រវាងប៉ុណ្ណា នោះព្រះក៏បានធ្វើឲ្យទ្រង់បានចំរើនឡើងយូរប៉ុណ្ណោះដែរ។ 6 ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ នឹងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ នឹងនៅកណ្តាលពួកភីលីស្ទីន 7 ព្រះទ្រង់ក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ ដែលនៅស្រុកគើរ-បាល នឹងពួកម៉ាអូនផង 8 ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង 9 មួយទៀតអូសៀសទ្រង់សង់ប៉ម នៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់ 10 ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប នឹងស្រុកវាល ក៏មានពួកអ្នកធ្វើចំការនឹងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ នឹងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម 11 មួយទៀត អូសៀសទ្រង់មានពលទ័ព សុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេ ដែលយីអែល ជាស្មៀន នឹងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច 12 ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួន២ពាន់៦រយនាក់ 13 ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកំឡាំងយ៉ាងរឹងរបឹង សំរាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ 14 អូសៀសទ្រង់ក៏ចាត់ចែងធ្វើខែល លំពែង មួកសឹក នឹងអាវក្រោះ ព្រមទាំងធ្នូ នឹងក្រួសសំរាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ 15 ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សំរាប់បាញ់ព្រួញនឹងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។ 16 កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប 17 តែអ័សារាដ៏ជាសង្ឃ លោកចូលទៅតាម នាំទាំងពួកសង្ឃនៃព្រះយេហូវ៉ា ដែលសុទ្ធតែមានចិត្តមុតមាំ៨០នាក់ទៅជាមួយ 18 សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ 19 ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា 20 អ័សារា ជាសំដេចសង្ឃ នឹងពួកសង្ឃឯទៀត លោកបានពិនិត្យមើល ឃើញទ្រង់កើតឃ្លង់នៅត្រង់ព្រះនលាដដូច្នោះហើយ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់នឹងចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់ 21 ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងទីទៃពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាព្រះរាជបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជំរះពួកអ្នកស្រុកផង 22 រីឯដំណើរឯទៀត ពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ 23 អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកឰយុកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia