២ របាក្សត្រ 27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក 2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអូសៀសជាព្រះបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេ ឯបណ្តាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។ 3 ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន 4 ១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ នឹងប៉មផង 5 ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ នឹងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត 6 ដូច្នេះ យ៉ូថាមមានកំឡាំងកាន់តែខ្លាំងឡើង ពីព្រោះទ្រង់បានរៀបផ្លូវទ្រង់ឲ្យត្រឹមត្រូវនៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ 7 រីឯដំណើរឯទៀតពីយ៉ូថាម នឹងអស់ទាំងការចំបាំងរបស់ទ្រង់ ហើយអំពើប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជារឿងពីពួកស្តេចអ៊ីស្រាអែល នឹងយូដាហើយ 8 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ 9 យ៉ូថាមទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ហាស ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia