ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ធីម៉ូថេ 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ធីម៉ូថេ 1

ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ស្របតាម​បទបញ្ជា​របស់​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង និង​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​សេចក្ដីសង្ឃឹម​របស់យើង

2 ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ពិតប្រាកដ​របស់ខ្ញុំ​ខាង​ជំនឿ​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​!

គោលលទ្ធិខុសឆ្គង និងការប្រើខុសនូវក្រឹត្យវិន័យ

3 ដូចដែល​ខ្ញុំ​បាន​ជំរុញ​អ្នក កាល​ខ្ញុំ​ចេញដំណើរ​ទៅ​ម៉ាសេដូន សូមអ្នក​ស្នាក់​នៅ​អេភេសូរ ដើម្បី​បាន​បង្គាប់​អ្នកខ្លះ កុំឲ្យ​បង្រៀនគោលលទ្ធិផ្សេង

4 កុំឲ្យ​ផ្ដោតចិត្ត​លើ​ទេវកថា និង​វង្សត្រកូល​ដែល​មិនចេះចប់មិនចេះហើយ ដែល​រឿងទាំងនេះ​បង្ក​ភាពចម្រូងចម្រាស​ជាជាង​ចម្រើន​កិច្ចការ​របស់​ព្រះ ដែល​ធ្វើ​ដោយ​ជំនឿ​។

5 គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។

6 មាន​អ្នកខ្លះ​បាន​ជ្រួសចេញ​ពី​សេចក្ដីទាំងនេះ ហើយ​បែរ​ទៅរក​ពាក្យសម្ដីឥតខ្លឹមសារ

7 ទាំង​ចង់​ធ្វើជា​គ្រូវិន័យ ប៉ុន្តែ​មិន​យល់​ទាំង​អ្វីដែល​ខ្លួន​និយាយ និង​អ្វីដែល​ខ្លួន​អះអាង​នោះ​ផង​។

8 រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យវិន័យ​ល្អ​មែន ប្រសិនបើ​គេ​ប្រើ​បាន​ត្រឹមត្រូវ

9 ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ

10 មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។

11 សេចក្ដីបង្រៀននេះ ស្របតាម​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏មានពរ ជា​ដំណឹងល្អ​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​។

ទីបន្ទាល់របស់ប៉ូល

12 ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ចាត់ទុក​ខ្ញុំ​ថា​ស្មោះត្រង់ ដោយ​តែងតាំង​ខ្ញុំ​មកក្នុង​ការងារបម្រើ​នេះ​។

13 ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ

14 ហើយ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃយើង បាន​កើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹង​ជំនឿ និង​សេចក្ដីស្រឡាញ់ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

15 ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។

16 យ៉ាងណាមិញ នេះជាហេតុដែល​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា គឺ​ដើម្បីឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​សម្ដែង​ការអត់ធ្មត់​ដ៏ពេញលេញ​ក្នុង​ខ្ញុំ​ដែលជា​មេ​នៃមនុស្សបាប ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រៀបនឹង​ជឿទុកចិត្តលើ​ព្រះអង្គ​ដើម្បី​បាន​ជីវិតអស់កល្បជានិច្ច​។

17 សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។

ចម្បាំងខាងវិញ្ញាណ

18 ធីម៉ូថេ កូន​ខ្ញុំ​អើយ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​សេចក្ដីបង្គាប់​នេះ​នឹង​អ្នក ស្របតាម​ពាក្យព្យាករ​ដែល​ត្រូវបាន​ថ្លែងទុក​អំពី​អ្នក ដើម្បីឲ្យ​អ្នក​បាន​តយុទ្ធ​ដោយ​សេចក្ដីទាំងនោះ ក្នុង​ចម្បាំង​ដ៏ល្អ

19 ទាំង​កាន់ខ្ជាប់​នូវ​ជំនឿ និង​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ផង​។ មាន​អ្នកខ្លះ​បោះបង់ចោល​សេចក្ដីទាំងនេះ បណ្ដាលឲ្យ​លិចសំពៅ​នៃ​ជំនឿ​។

20 ក្នុងចំណោម​អ្នកទាំងនោះ មាន​ហ៊ីមេនាស និង​អ័លេក្សានត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​សាតាំង ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ប្រៀនប្រដៅ កុំឲ្យ​និយាយប្រមាថព្រះ​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative