ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 9 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ហេព្រើរ 9

ព័ន្ធកិច្ចនៃសម្ពន្ធមេត្រីចាស់

1 ដោយហេតុនេះ សម្ពន្ធមេត្រី​ទីមួយ មាន​ទាំង​បទបញ្ជា​នៃ​ការបម្រើ និង​ទីវិសុទ្ធ​ខាងផែនដី​ដែរ​។

2 ដ្បិត​ព្រះពន្លា​ត្រូវបាន​ដំឡើង ហើយ​នៅ​ផ្នែក​ទីមួយ​ដែល​ហៅថា​ទីវិសុទ្ធ មាន​ជើងចង្កៀង តុ និង​នំប៉័ងតាំងថ្វាយ​;

3 នៅ​ខាងក្រោយ​វាំងនន​ទីពីរ​នៃ​ព្រះពន្លា មាន​ផ្នែក​ដែល​ហៅថា​ទីវិសុទ្ធបំផុត

4 មាន​អាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និង​ហិប​នៃ​សម្ពន្ធមេត្រី​ដែល​ស្រោប​មាស​ជុំវិញទាំងអស់​; ក្នុង​ហិបនោះ មាន​ក្រឡ​មាស​មួយ​ដាក់​ម៉ាណា ព្រមទាំង​មាន​ឈើច្រត់​របស់​អើរ៉ុន​ដែល​ចេញពន្លក និង​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​;

5 នៅលើ​ហិបនៃសម្ពន្ធមេត្រី មាន​ចេរ៉ូប៊ីន​នៃ​សិរីរុងរឿង​បាំងពីលើ​ទីសន្ដោស​ប្រោស​។ យ៉ាងណាក៏ដោយ យើង​មិន​អាច​រៀបរាប់​ល្អិតល្អន់​អំពី​រឿងទាំងនេះ នៅឥឡូវនេះ​បាន​ទេ​។

6 នៅពេល​របស់​ទាំងនេះ​ត្រូវបាន​រៀបចំ​ដូច្នេះ ពួក​បូជាចារ្យ​ក៏​តែងតែ​ចូលទៅ​ក្នុង​ផ្នែក​ទីមួយ​នៃ​ព្រះពន្លា ដើម្បី​បំពេញ​ការងារបម្រើ​។

7 រីឯ​ផ្នែក​ទីពីរ​វិញ មាន​តែ​មហាបូជាចារ្យ​ប៉ុណ្ណោះ​ដែលអាច​ចូលទៅ​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង គឺ​មិនមែន​ដោយគ្មាន​ឈាម​ទេ​; ឈាមនោះ​ថ្វាយ​សម្រាប់​ខ្លួនលោក និង​សម្រាប់​បាបដែល​ប្រជាជន​បាន​ប្រព្រឹត្តដោយគ្មានចេតនា​។

8 ព្រះវិញ្ញាណដ៏វិសុទ្ធ​បញ្ជាក់​ការនេះ​ថា ផ្លូវ​ចូលទៅក្នុង​ទីវិសុទ្ធបំផុត​មិនទាន់​ត្រូវបាន​សម្ដែង ដរាបណា​ព្រះពន្លា​ទីមួយ​នៅតែ​នៅស្ថិតស្ថេរ​នៅឡើយ​។

9 ព្រះពន្លានេះ​ជា​និមិត្តរូប​សម្រាប់​សម័យ​បច្ចុប្បន្ននេះ ដែល​បញ្ជាក់ថា​តង្វាយ និង​យញ្ញបូជា​ដែល​ត្រូវបាន​ថ្វាយ​ជានិច្ច មិនអាច​ធ្វើឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​ថ្វាយបង្គំ​គ្រប់លក្ខណ៍​បានឡើយ

10 ពីព្រោះរបស់ទាំងនោះ​ទាក់ទងនឹង​អាហារ គ្រឿងផឹក និង​ពិធីលាងសម្អាត​ផ្សេងៗ​តែប៉ុណ្ណោះ ជា​បទបញ្ជា​ខាងសាច់ឈាម​ដែល​គេ​អនុវត្ត រហូតដល់​ពេល​នៃ​ការកែទម្រង់​។

ព័ន្ធកិច្ចនៃសម្ពន្ធមេត្រីថ្មី

11 យ៉ាងណាមិញ ព្រះ​គ្រីស្ទ​បាន​យាង​មក ធ្វើជា​មហាបូជាចារ្យ​នៃ‍សេចក្ដី​ល្អ​ដែល​មកដល់​ហើយ តាមរយៈ​ព្រះពន្លា​ដ៏ប្រសើរជាង និង​គ្រប់លក្ខណ៍​ជាង ដែល​មិនមែន​ធ្វើដោយដៃមនុស្ស​ទេ ពោលគឺ​ខុសពី​ពិភពលោក​នេះ​ដែលត្រូវបានបង្កើត​។

12 ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ម្ដងជាសម្រេច ទាំង​ធ្វើឲ្យសម្រេច​នូវ​ការប្រោសលោះ​ដ៏អស់កល្បជានិច្ច មិនមែន​ដោយ​ឈាម​ពពែ ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​ព្រះលោហិត​របស់អង្គទ្រង់ផ្ទាល់​។

13 ជាការពិត ប្រសិនបើ​ការ​ប្រោះ​ឈាម​របស់​ពពែ គោឈ្មោល និង​ផេះ​គោក្រមុំ លើ​មនុស្ស​សៅហ្មង អាច​ញែក​គេ​ជាវិសុទ្ធ​ឲ្យមាន​ភាពបរិសុទ្ធ​ខាងសាច់ឈាម​បានទៅហើយ

14 ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​!

15 ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។

16 ដ្បិត​ទីណាដែល​មាន​បណ្ដាំមរតក ទីនោះ​ត្រូវតែ​មានការបញ្ជាក់​ថា​អ្នក​ដែល​ធ្វើបណ្ដាំ​នោះ​បាន​ស្លាប់​ហើយ​។

17 ជាការពិត បណ្ដាំមរតក​យកជាការបាន​ពេលណាដែលគេ​ស្លាប់ ពីព្រោះ​ដរាបណា​អ្នក​ធ្វើបណ្ដាំ​នៅរស់ ពាក្យបណ្ដាំនោះ​គ្មាន​សុពលភាព​ឡើយ​។

18 ដូច្នេះ សូម្បីតែ​សម្ពន្ធមេត្រី​ទីមួយ​ក៏មិន​អាច​យកជាការបាន​ដោយគ្មាន​ឈាម​ដែរ​។

19 ពោលគឺ កាល​អស់ទាំង​បទបញ្ជា​ត្រូវបាន​ប្រកាស​ដោយ​ម៉ូសេ​ដល់​ប្រជាជន​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ លោក​បាន​យក​ឈាម​កូនគោ និង​ឈាម​ពពែ ព្រមទាំង​ទឹក រោមចៀម​ពណ៌ក្រហមឆ្អៅ និង​មែកហ៊ីសុប ហើយ​ប្រោះ​លើ​ទាំង​ក្រាំង​នោះ​ផ្ទាល់ ទាំង​លើ​ប្រជាជន​ទាំងអស់

20 ដោយ​និយាយថា‍៖“នេះ​ជា​ឈាម​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​បង្គាប់​ដល់​អ្នករាល់គ្នា”។

21 បន្ទាប់មក លោក​បាន​ប្រោះ​ឈាម​លើ​ព្រះពន្លា និង​ភាជនៈ​ទាំងអស់​សម្រាប់​ការបម្រើ ដោយរបៀប‍ដូចគ្នា​។

22 តាម​ក្រឹត្យវិន័យ អ្វីៗ​ស្ទើរតែ​ទាំងអស់​ជម្រះ​ដោយ​ឈាម​បាន ហើយ​បើគ្មាន​ការបង្ហូរឈាម ក៏​គ្មាន​ការលើកលែងទោស​ដែរ​។

23 ដូច្នេះ ត្រូវតែ​ជម្រះ​និមិត្តរូប​អំពី​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​ដោយ​យញ្ញបូជា​ទាំងនេះ រីឯ​អ្វីៗ​នៃស្ថានសួគ៌​ផ្ទាល់ ត្រូវតែជម្រះ​ដោយ​យញ្ញបូជា​ដ៏ប្រសើរ​ជាង​នេះ​ទៅទៀត​។

24 ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។

25 ព្រះអង្គ​មិនមែន​ថ្វាយ​អង្គទ្រង់​ជាច្រើនលើកច្រើនសា ដូចដែល​មហាបូជាចារ្យ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ជារៀងរាល់ឆ្នាំ ដោយ​យក​ឈាម​ដែលមិនមែនជារបស់ខ្លួន​នោះ​ទេ

26 បើមិនដូច្នោះទេ ព្រះអង្គ​ត្រូវតែ​រងទុក្ខ​ជាច្រើនលើកច្រើនសា តាំងពី​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ​។ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​លេចមក​តែម្ដងគត់​នៅ​គ្រាចុងបញ្ចប់ ដើម្បី​ដកយក​បាប​ចេញ​តាមរយៈ​យញ្ញបូជា គឺ​អង្គទ្រង់​។

27 ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា

28 ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative