ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូហាន 1 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
យ៉ូហាន 1

ព្រះបានក្លាយជាមនុស្ស

1 នៅ​ដើមដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះបន្ទូល​គឺជា​ព្រះ​។

2 ព្រះបន្ទូលនេះ​គង់នៅ​ជាមួយ​ព្រះ នៅ​ដើមដំបូង​។

3 អ្វីៗ​ទាំងអស់​បាន​កើតមក​តាមរយៈ​ព្រះអង្គ ហើយ​ក្នុង​អ្វីៗដែល​កើតមក​នោះ គ្មាន​អ្វី​មួយ​កើតមក​ដោយគ្មាន​ព្រះអង្គ​ឡើយ​។

4 នៅក្នុង​ព្រះអង្គ​មាន​ជីវិត ហើយ​ជីវិត​នេះ​គឺជា​ពន្លឺ​របស់​មនុស្ស​។

5 ពន្លឺ​នេះ​កំពុង​ភ្លឺ​ក្នុង​សេចក្ដីងងឹត ហើយ​សេចក្ដីងងឹត​មិន​បាន​ឈ្នះ​ពន្លឺនេះ​ឡើយ​។

6 មាន​មនុស្ស​ម្នាក់​ត្រូវបាន​ចាត់ឲ្យមក​ពី​ព្រះ គាត់​ឈ្មោះ​យ៉ូហាន​។

7 គាត់​បាន​មក​ដើម្បី​ជា​បន្ទាល់ ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ គឺឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿ​តាមរយៈ​គាត់​។

8 គាត់​មិនមែន​ជា​ពន្លឺ​នេះ​ទេ គឺ​គាត់​បាន​មក​ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ​វិញ​។

9 ពន្លឺនេះ​ជា​ពន្លឺ​ពិត ដែល​កំពុង​យាង​មក​ក្នុង​ពិភពលោក បំភ្លឺ​មនុស្ស​គ្រប់រូប​។

10 ព្រះអង្គ​គង់នៅ​ក្នុង​ពិភពលោក ហើយ​ពិភពលោក​បាន​កើតមក​តាមរយៈ​ព្រះអង្គ ប៉ុន្តែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ឡើយ​។

11 ព្រះអង្គ​បាន​យាង​មក​ក្នុង​ពិភពលោក​របស់ព្រះអង្គ ប៉ុន្តែ​ប្រជារាស្ត្រ​របស់ព្រះអង្គ មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​។

12 រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។

13 អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។

14 ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។

15 យ៉ូហាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ ដោយ​ស្រែកឡើង​ថា​៖ “ព្រះអង្គនេះ​ហើយ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ’”។

16 ជាការពិត យើង​គ្រប់គ្នា​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​ទៀត ពី​ភាពពេញលេញ​របស់​ព្រះអង្គ

17 ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។

18 គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។

ពាក្យបន្ទាល់របស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក

19 នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។

20 គាត់​ក៏​សារភាព ហើយ​មិន​បដិសេធ​ឡើយ គឺ​សារភាព​ថា​៖ “ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ”។

21 ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “ចុះ​លោក​ជា​នរណា​វិញ​? ជា​អេលីយ៉ា​ឬ​?”‍។ គាត់​ឆ្លើយថា​៖ “មិនមែន​ខ្ញុំ​ទេ”។ “តើ​លោក​ជា​ព្យាការី​នោះ​ឬ?”‍។ គាត់​ឆ្លើយថា​៖ “ទេ”។

22 រួច​ពួកគេ​សួរ​គាត់​ថា៖ “តើ​លោក​ជា​នរណា​? ដើម្បីឲ្យ​ពួកយើង​បាន​ផ្ដល់​ចម្លើយ​ដល់​អ្នក​ដែល​ចាត់​ពួកយើង​ឲ្យមក​។ តើ​លោក​និយាយ​អ្វី​អំពី​ខ្លួនលោក​?”។

23 គាត់​ឆ្លើយថា​៖ “ខ្ញុំ​ជាសំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់’ ដូចដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​ហើយ”។

24 ពួកអ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​នោះ គឺ​មកពី​ពួកផារិស៊ី​។

25 ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “បើសិន​លោក​មិនមែន​ជា​ព្រះ​គ្រីស្ទ ឬ​អេលីយ៉ា ឬ​ព្យាការី​នោះ​ទេ ចុះ​ហេតុអ្វីបានជា​លោក​ធ្វើពិធីជ្រមុជទឹក​?”។

26 យ៉ូហាន​តប​នឹង​ពួកគេ​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​មាន​ម្នាក់​ឈរ​ក្នុងចំណោម​អ្នករាល់គ្នា ដែល​អ្នករាល់គ្នា​មិន​ស្គាល់

27 ជា​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង”។

28 ការទាំងនេះ​បាន​កើតឡើង​នៅ​បេថានី​ខាងនាយ​ទន្លេយ័រដាន់ ជា​កន្លែងដែល​យ៉ូហាន​ធ្វើពិធីជ្រមុជទឹក​។

កូនចៀមនៃព្រះ

29 នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!

30 គឺ​ព្រះអង្គនេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ’។

31 កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​មូលហេតុដែល​ខ្ញុំ​មក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក គឺ​ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​សម្ដែង​ដល់​អ៊ីស្រាអែល”។

32 យ៉ូហាន​ក៏​ធ្វើបន្ទាល់ ដោយ​និយាយ​ថា​៖ “ខ្ញុំ​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក​ពី​លើមេឃ​ដូចជា​សត្វព្រាប ហើយ​ស្ថិតនៅ​លើ​ព្រះអង្គ​។

33 កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក ហើយ​ស្ថិតនៅ​លើ​អ្នកណា គឺ​អ្នកនោះ​ហើយ ដែល​ធ្វើពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ’។

34 ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ”។

35 នៅ​ថ្ងៃបន្ទាប់ យ៉ូហាន និង​សិស្ស​ពីរ​នាក់​របស់​គាត់ ឈរ​នៅទីនោះ​ម្ដងទៀត​។

36 យ៉ូហាន​សម្លឹងមើល​ព្រះយេស៊ូវ​កំពុង​យាងកាត់ ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​!”។

37 សិស្ស​ពីរ​នាក់​នោះ​ឮ​គាត់​និយាយ​ដូច្នេះ ក៏​ទៅតាម​ព្រះយេស៊ូវ​។

38 ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។

39 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​មក នោះ​អ្នក​នឹង​ឃើញ”។ ដូច្នេះ ពួកគេ​ក៏​ទៅ ហើយ​ឃើញ​កន្លែងដែល​ព្រះអង្គ​ស្នាក់នៅ រួច​នៅ​ជាមួយ​ព្រះអង្គ​ក្នុង​ថ្ងៃ​នោះ‍។ ពេល​នោះ ប្រមាណជា​ម៉ោងបួនរសៀល​។

40 ម្នាក់​ក្នុង​អ្នក​ទាំង​ពីរ​ដែល​ឮ​ពី​យ៉ូហាន ហើយ​ទៅតាម​ព្រះអង្គ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស​។

41 មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។

42 គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។

ភីលីព និងណាថាណែល

43 នៅ​ថ្ងៃបន្ទាប់ ព្រះយេស៊ូវ​មានព្រះទ័យ​ចង់​ចេញទៅ​កាលីឡេ‍។ ព្រះអង្គ​ទ្រង់​រក​ភីលីព ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​មកតាម​ខ្ញុំ​!”។

44 ភីលីព​មក​ពី​បេតសៃដា ដែលជា​ទីក្រុង​របស់​អនទ្រេ និង​ពេត្រុស​។

45 ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប”។

46 ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។

47 ព្រះយេស៊ូវ​ទត​ឃើញ​ណាថាណែល​កំពុង​មករក​ព្រះអង្គ ក៏​មានបន្ទូល​អំពី​គាត់​ថា​៖“មើល៍! ជនជាតិអ៊ីស្រាអែល​ពិតប្រាកដ​! នៅក្នុង​គាត់​គ្មាន​ឧបាយកល​សោះ”។

48 ណាថាណែល​ទូល​ព្រះអង្គ​ថា​៖ “តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាងដូចម្ដេច​?”‍។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“មុន​ភីលីព​បាន​ហៅ​អ្នក ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើមល្វា​ហើយ”។

49 ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។

50 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ដោយសារ​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘ខ្ញុំ​បាន​ឃើញ​អ្នក​នៅក្រោម​ដើមល្វា’ បានជា​អ្នក​ជឿ​ឬ​? អ្នក​នឹង​ឃើញ​ការ​ធំជាង​នេះ​ទៅទៀត”។

51 រួច​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​នឹង​ឃើញ​ផ្ទៃមេឃ​ដែល​បើកចំហ និង​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ឡើងចុះៗ​ពីខាងលើ​កូនមនុស្ស”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative