ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 86 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 86

ទូលសុំព្រះឲ្យកម្សាន្តចិត្ត
សេចក្ដីអធិស្ឋាន​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត​!

2 សូម​រក្សា​ព្រលឹង​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ស្មោះត្រង់​។ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូម​ព្រះអង្គ​សង្គ្រោះ​បាវបម្រើ​របស់ព្រះអង្គ​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ផង​។

3 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!

4 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូមឲ្យ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​បាន​អរសប្បាយ​ផង ដ្បិត​ទូលបង្គំ​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!

5 ដ្បិត​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ល្អ ហើយ​ប្រុងនឹងលើកលែងទោស​; ព្រះអង្គទ្រង់​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​ដល់​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​!

6 ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ប្រុងស្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​!

7 នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ទូលបង្គំ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ឆ្លើយ​មក​ទូលបង្គំ​។

8 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ នៅក្នុងចំណោម​ព្រះ​នានា គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ឡើយ ហើយក៏​គ្មាន​កិច្ចការ​ណា​ដូច​កិច្ចការ​របស់ព្រះអង្គ​ដែរ​!

9 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ប្រជាជាតិ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ព្រមទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​ផង​។

10 ដ្បិត​ព្រះអង្គ​ទ្រង់​ធំឧត្ដម ក៏​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដែរ​; ព្រះអង្គ​តែមួយប៉ុណ្ណោះ​ជា​ព្រះ​!

11 ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​! សូម​សង្រួម​ចិត្ត​ទូលបង្គំ​ឲ្យ​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​។

12 ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត​; ទូលបង្គំ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូត​!

13 ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​ទូលបង្គំ​ធំ​ណាស់​; ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ស្ថានមនុស្សស្លាប់​ដ៏ជ្រៅ​។

14 ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!

15 ប៉ុន្តែ​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដ៏លើសលប់​!

16 សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​; សូម​ប្រទាន​ភាពរឹងមាំ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សង្គ្រោះ​កូន​របស់​ស្រីបម្រើ​ព្រះអង្គ​ផង​។

17 សូម​សម្ដែង​ទីសម្គាល់​នៃ​ព្រះហឫទ័យសន្ដោស​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នកដែល​ស្អប់​ទូលបង្គំ​មើលឃើញ ហើយ​អាម៉ាស់មុខ​; ដ្បិត​គឺ​ព្រះអង្គ​ហើយ ព្រះយេហូវ៉ា​អើយ ដែល​បាន​ជួយ​ទូលបង្គំ និង​បាន​កម្សាន្តចិត្ត​ទូលបង្គំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative