ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 75 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 75

ព្រះបន្ទាបមនុស្សទុច្ចរិត ហើយលើកមនុស្សសុចរិតឡើង
ចម្រៀង​មួយ ជា​បទតម្កើង​របស់​អេសាភ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេង​កុំ​បំផ្លាញ​។

1 យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ ឱ​ព្រះ​អើយ យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ព្រះនាម​របស់ព្រះអង្គ​នៅជិតបង្កើយ គេ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

2 “កាលណា​ដល់​ពេលវេលា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំជម្រះ​ដោយ​សេចក្ដីទៀងត្រង់​។

3 នៅពេល​ផែនដី និង​អស់អ្នក​ដែល​រស់នៅ​ទីនោះ​រលាយ​បាត់ គឺ​យើង​ហើយ ដែល​រក្សា​សសរ​នៃ​ផែនដី​កុំឲ្យរង្គើ​។ សេឡា

4 យើង​និយាយ​ទៅ​អ្នកដែល​អួតអាង​ថា​: ‘កុំ​អួតអាង​ឡើយ​!’ ក៏​និយាយ​ទៅ​មនុស្ស​អាក្រក់​ថា​: ‘កុំ​លើក​ស្នែង​ឡើង​!

5 កុំ​លើក​ស្នែង​របស់អ្នករាល់គ្នា​ទាស់នឹង​ស្ថានដ៏ខ្ពស់ ឬ​និយាយ​ដោយ​ភាពព្រហើន​ឡើយ​!’”។

6 ដ្បិត​ការ​តម្កើងឡើង​មិនមែន​មកពី​ទិសខាងកើត ឬ​ទិសខាងលិច​ទេ ក៏​មិនមែន​មកពី​ទីរហោស្ថាន​ដែរ

7 គឺ​ព្រះ​វិញ​ទេតើ ដែល​ជំនុំជម្រះ​; ព្រះអង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់ទៀត​ឡើង​។

8 ពោលគឺ នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មាន​ពែង​មួយ មាន​ស្រា​ដែល​ឡើងពពុះ​ពេញ​ដោយ​គ្រឿងលាយ​; ព្រះអង្គ​ទ្រង់​ចាក់ចេញ​ពី​ពែងនោះ ហើយ​អស់ទាំង​មនុស្ស​អាក្រក់​នៅលើ​ផែនដី​ត្រូវ​ផឹក គឺ​ផឹកអស់រលីង​រហូតដល់​កករ​វា​!

9 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ប្រកាស​កិច្ចការរបស់ព្រះ​ជារៀងរហូត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​នៃ​យ៉ាកុប​។

10 ព្រះមានបន្ទូលថា​៖ “យើង​នឹង​កាត់​អស់ទាំង​ស្នែង​របស់​មនុស្ស​អាក្រក់​ចោល រីឯ​ស្នែង​របស់​មនុស្ស​សុចរិត​នឹង​ត្រូវបាន​លើកឡើង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative