ទំនុកតម្កើង 74 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសម្រាប់អ៊ីស្រាអែល ទំនុកម៉ាស្គីល របស់អេសាភ។ 1 ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ? 2 សូមនឹកចាំសហគមន៍របស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណ ជាកុលសម្ព័ន្ធដែលព្រះអង្គបានប្រោសលោះមកធ្វើជាមរតករបស់ព្រះអង្គ; សូមនឹកចាំភ្នំស៊ីយ៉ូនដែលព្រះអង្គគង់នៅផង។ 3 សូមលើកព្រះបាទារបស់ព្រះអង្គមកឯទីបាក់បែកជាដរាប; ខ្មាំងសត្រូវបានធ្វើការអាក្រក់គ្រប់យ៉ាងនៅក្នុងទីវិសុទ្ធ! 4 ពួកខ្មាំងសត្រូវរបស់ព្រះអង្គបានគ្រហឹមនៅកណ្ដាលទីជំនួបរបស់ព្រះអង្គ ពួកគេបានតាំងសញ្ញាសម្គាល់របស់ខ្លួនឡើង ធ្វើជាសញ្ញា។ 5 ពួកគេប្រៀបដូចជាមនុស្សយារពូថៅក្នុងព្រៃឈើស៊ុបទ្រុប 6 ហើយឥឡូវនេះ ពួកគេវាយកម្ទេចអស់ទាំងក្បាច់ចម្លាក់ក្នុងទីវិសុទ្ធដោយពូថៅ និងញញួរ។ 7 ពួកគេបានដុតទីវិសុទ្ធរបស់ព្រះអង្គ ក៏បានបន្ទាបបន្ថោកដំណាក់នៃព្រះនាមរបស់ព្រះអង្គដល់ដី។ 8 ពួកគេនិយាយក្នុងចិត្តថា៖ “យើងនឹងបង្ក្រាបអ្នកទាំងនេះទាំងស្រុង!”។ ពួកគេបានដុតអស់ទាំងទីជំនួបរបស់ព្រះនៅក្នុងស្រុក។ 9 យើងខ្ញុំលែងឃើញសញ្ញាសម្គាល់របស់យើងខ្ញុំទៀតហើយ ក៏គ្មានព្យាការីទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំដឹងថាដល់ពេលណាឡើយ។ 10 ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ? 11 ហេតុអ្វីបានជាព្រះអង្គដកព្រះហស្តរបស់ព្រះអង្គ គឺព្រះហស្តស្ដាំរបស់ព្រះអង្គទៅវិញដូច្នេះ? សូមលូកព្រះហស្តចេញពីព្រះឱរារបស់ព្រះអង្គ ហើយបំផ្លាញពួកគេទៅ! 12 ឱព្រះអើយ គឺព្រះអង្គហើយ ជាព្រះមហាក្សត្រនៃទូលបង្គំតាំងពីបុរាណមក គឺព្រះអង្គហើយ ដែលអនុវត្តសេចក្ដីសង្គ្រោះនៅកណ្ដាលផែនដី! 13 គឺព្រះអង្គហើយ ដែលញែកសមុទ្រដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលសត្វសមុទ្រធំសម្បើមដែលនៅក្នុងទឹក។ 14 គឺព្រះអង្គហើយ ដែលវាយកម្ទេចក្បាលរបស់សត្វឡេវីអាថាន ហើយប្រទានវាជាអាហារដល់សត្វ និងមនុស្សដែលរស់នៅទីរហោស្ថាន។ 15 គឺព្រះអង្គហើយ ដែលបើកប្រភពទឹក និងជ្រោះទឹក គឺព្រះអង្គហើយ ដែលធ្វើឲ្យទន្លេដែលហូរជានិច្ចរីងស្ងួត។ 16 ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ; គឺព្រះអង្គហើយ ដែលតាំងដួងពន្លឺ និងព្រះអាទិត្យឡើង។ 17 គឺព្រះអង្គហើយ ដែលតាំងអស់ទាំងព្រំដែននៃផែនដី គឺព្រះអង្គហើយ ដែលបង្កើតឲ្យមានរដូវក្ដៅ និងរដូវរងា។ 18 ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ! 19 សូមកុំប្រគល់ព្រលឹងសត្វលលករបស់ព្រះអង្គដល់សត្វព្រៃ សូមកុំភ្លេចជីវិតមនុស្សទ័លក្ររបស់ព្រះអង្គឡើយ គឺជារៀងរហូត។ 20 សូមយកចិត្តទុកដាក់នឹងសម្ពន្ធមេត្រីផង ដ្បិតទីងងឹតនៃផែនដីបានពោរពេញទៅដោយលំនៅនៃសេចក្ដីឃោរឃៅ។ 21 សូមកុំឲ្យអ្នកដែលត្រូវគេសង្កត់សង្កិនត្រឡប់មកវិញទាំងអៀនខ្មាសឡើយ សូមឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ។ 22 ឱព្រះអើយ សូមក្រោកឡើងកាន់ក្ដីឲ្យអង្គទ្រង់ផង សូមនឹកចាំការត្មះតិះដៀលវាល់ព្រឹកវាល់ល្ងាចចំពោះព្រះអង្គពីមនុស្សឆោតល្ងង់ផង! 23 សូមកុំភ្លេចសំឡេងរបស់ពួកខ្មាំងសត្រូវព្រះអង្គឡើយ; សូរសន្ធឹករបស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គកើនឡើងជានិច្ច!៕ |