លក្ខណៈរបស់មនុស្សបាបទំនុកម៉ាស្គីល របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងម៉ាហាឡាត។ 1 មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។ 2 ព្រះទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។ 3 ពួកគេទាំងអស់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង! 4 តើអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតមិនដឹងទេឬ? គេត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះឡើយ។ 5 នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។ 6 ឱបើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលចេញមកពីស៊ីយ៉ូនទៅអេះ! នៅពេលព្រះទ្រង់ធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ សូមឲ្យអ៊ីស្រាអែលបានអរសប្បាយ!៕ |