ភាគ ២ (ទំនុកតម្កើង 42-72) ដង្ហក់រកព្រះទំនុកម៉ាស្គីល របស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ឱព្រះអើយ ដូចដែលក្ដាន់ដង្ហក់រកជ្រោះទឹកយ៉ាងណា ព្រលឹងរបស់ទូលបង្គំក៏ដង្ហក់រកព្រះអង្គយ៉ាងនោះដែរ! 2 ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះ គឺព្រះដ៏មានព្រះជន្មរស់។ តើពេលណាទូលបង្គំទៅជួបព្រះភក្ត្ររបស់ព្រះបាន? 3 ទាំងយប់ទាំងថ្ងៃ ទឹកភ្នែករបស់ខ្ញុំបានជាអាហារដល់ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។ 4 នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។ 5 ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។ 6 ព្រះនៃទូលបង្គំអើយ ព្រលឹងរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំហើយ! ដោយហេតុនេះ ទូលបង្គំនឹងនឹកចាំព្រះអង្គ ពីដែនដីយ័រដាន់ និងកំពូលភ្នំហ៊ើរម៉ូន ព្រមទាំងពីភ្នំមីតសារ។ 7 ទីជម្រៅហៅរកទីជម្រៅ ដោយសូរនៃទឹកធ្លាក់របស់ព្រះអង្គ; អស់ទាំងរលកបែកផ្កាត្រែង និងរលកដកពពាររបស់ព្រះអង្គបានបោកលើទូលបង្គំ។ 8 នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ 9 ខ្ញុំនឹងទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា៖ “ហេតុអ្វីបានជាព្រះអង្គភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងកាន់ទុក្ខ ដោយសារតែការសង្កត់សង្កិនរបស់សត្រូវដូច្នេះ?”។ 10 ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។ 11 ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ? ហេតុអ្វីបានជាជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលនៅចំពោះខ្ញុំ និងសម្រាប់ព្រះរបស់ខ្ញុំ៕ |