សរសើរតម្កើងសេចក្ដីពិតត្រង់របស់ព្រះ1 ហាលេលូយ៉ា! ព្រលឹងរបស់ខ្ញុំអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! 2 ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។ 3 កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។ 4 គេផុតដង្ហើមទៅ ហើយត្រឡប់ជាដីវិញ; នៅថ្ងៃនោះ ផែនការរបស់គេក៏វិនាសអស់។ 5 មានពរហើយ អ្នកដែលព្រះរបស់យ៉ាកុបជាជំនួយរបស់ខ្លួន អ្នកដែលសេចក្ដីសង្ឃឹមរបស់គេនៅក្នុងព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្លួន! 6 ព្រះដែលបង្កើតបណ្ដាមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គទ្រង់រក្សាសេចក្ដីពិតត្រង់ជារៀងរហូត។ 7 ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច 8 ព្រះយេហូវ៉ាទ្រង់បើកភ្នែករបស់មនុស្សខ្វាក់ភ្នែក ព្រះយេហូវ៉ាទ្រង់លើកអ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សសុចរិត 9 ព្រះយេហូវ៉ាទ្រង់ថែរក្សាជនអន្តោប្រវេសន៍ ហើយទ្រទ្រង់កូនកំព្រា និងស្ត្រីមេម៉ាយ ប៉ុន្តែព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សអាក្រក់វៀច។ 10 ព្រះយេហូវ៉ានឹងគ្រងរាជ្យជារៀងរហូត! ស៊ីយ៉ូនអើយ ព្រះរបស់នាងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ! ហាលេលូយ៉ា!៕ |