ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កាឡាទី 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កាឡាទី 6

រែកពុនបន្ទុករបស់គ្នាទៅវិញទៅមក

1 បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។

2 ចូរ​រែកពុន​បន្ទុក​របស់​គ្នាទៅវិញទៅមក យ៉ាងនោះ​ទើប​អ្នករាល់គ្នា​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ​ឲ្យសម្រេច​។

3 ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្វីមួយ នៅពេល​មិនមែនជាអ្វីសោះ អ្នកនោះ​កំពុង​បញ្ឆោត​ខ្លួនឯង​ហើយ​។

4 ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ការប្រព្រឹត្ត​របស់​ខ្លួន នោះ​គ្រប់គ្នា​នឹង​មាន​ទីអួត​ចំពោះ​តែ​ខ្លួនឯង​ប៉ុណ្ណោះ គឺ​មិន​អាច​អួត​ចំពោះ​អ្នកដទៃ​បាន​ទេ

5 ដ្បិត​ម្នាក់ៗ​ត្រូវ​រែកពុន​បន្ទុក​របស់ខ្លួន​។

6 អ្នក​ដែល​ទទួលការអប់រំ​ខាង​ព្រះបន្ទូល ត្រូវ​ចែក​របស់​ល្អ​ទាំងអស់​ដល់​អ្នក​ដែល​អប់រំ​នោះ​។

7 កុំ​ចាញ់បោក​ឡើយ​! មិន​អាច​ចំអក​ព្រះ​បាន​ទេ​។ ជាការពិត អ្វីក៏ដោយដែល​មនុស្ស​សាបព្រោះ គេ​នឹង​ច្រូត​បាន​ការនោះ​ឯង​។

8 ដ្បិត​អ្នក​ដែល​សាបព្រោះ​តាម​សាច់ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​ការសាបសូន្យ​ពី​សាច់ឈាម រីឯ​អ្នក​ដែល​សាបព្រោះ​តាម​ព្រះវិញ្ញាណ នឹង​ច្រូត​បាន​ជីវិតអស់កល្បជានិច្ច​ពី​ព្រះវិញ្ញាណ​។

9 កុំឲ្យ​យើង​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ដ្បិត​យើង​នឹង​ច្រូត​បានផល​នៅ​ពេលកំណត់ ប្រសិនបើ​យើង​មិន​បោះបង់ចោល​។

10 ដោយហេតុនេះ នៅពេល​មាន​ឱកាស យើង​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​ក្រុមគ្រួសារ​នៃ​ជំនឿ​។

បញ្ចប់ពាក្យដាស់តឿន

11 មើល៍! អក្សរ​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ដោយ​ដៃខ្ញុំផ្ទាល់​នេះ ធំយ៉ាងណា​!

12 អ្នកដែល​ចង់​សម្ញែងខ្លួន​ខាង​សាច់ឈាម គឺ​អ្នកទាំងនោះ​ហើយ ដែល​បង្ខំ​អ្នករាល់គ្នា​ឲ្យ​ទទួលពិធីកាត់ស្បែក ដើម្បី​ចៀសវាង​ពី​ការ​បៀតបៀន​ដោយសារតែ​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។

13 ជាការពិត សូម្បីតែ​អ្នក​ដែល​ទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់​ក៏មិន​កាន់តាម​ក្រឹត្យវិន័យ​ផង ប៉ុន្តែ​ពួកគេ​ចង់ឲ្យ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក ដើម្បីឲ្យ​ពួកគេ​បាន​អួត​អំពី​សាច់ឈាម​របស់អ្នករាល់គ្នា​។

14 រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ជាដាច់ខាត ក្រៅពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ប៉ុណ្ណោះ​។ ដោយសារតែ​ឈើឆ្កាងនេះ ពិភពលោក​ត្រូវបាន​ឆ្កាង​ចំពោះ​ខ្ញុំ ហើយខ្ញុំក៏​ត្រូវបាន​ឆ្កាង​ចំពោះ​ពិភពលោក​ដែរ​។

15 ដ្បិត​ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ការត្រូវបានបង្កើត​ជា​ថ្មី​វិញ ដែល​សំខាន់​។

16 សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីមេត្តា មាន​ដល់​អស់អ្នកដែល​ដើរតាម​គោលការណ៍​នេះ ព្រមទាំង​ដល់​អ៊ីស្រាអែល​របស់​ព្រះ​ផង​!

17 ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។

18 បងប្អូន​អើយ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​វិញ្ញាណ​របស់អ្នករាល់គ្នា​! អាម៉ែន​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative