១ ធីម៉ូថេ 3 - Khmer Christian Bible1 ពាក្យនេះគួរឲ្យជឿ គឺថា បើអ្នកណាចង់ធ្វើជាអ្នកមើលការខុសត្រូវ អ្នកនោះចង់ធ្វើការល្អហើយ។ 2 ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន 3 មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្ដស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ 4 ចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយការគោរពទាំងស្រុង 5 (បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?) 6 ហើយអ្នកមើលខុសត្រូវនោះ មិនមែនជាអ្នកដែលទើបនឹងជឿឡើយ ក្រែងលោអ្នកនោះកើតមានចិត្ដធំ ហើយជាប់ទោសដូចអារក្សសាតាំងដែរ 7 អ្នកនោះក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សសាតាំង។ 8 រីឯអ្នកជំនួយវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយសំដីពីរ មិនចំណូលស្រាពេក ឬលោភលន់ចង់បានដោយថោកទាបឡើយ 9 គាត់ត្រូវកាន់តាមអាថ៌កំបាំងរបស់ជំនឿដោយមនសិការបរិសុទ្ធ។ 10 ត្រូវពិសោធអ្នកទាំងនោះជាមុនសិន កាលបើឃើញថាជាអ្នកដែលឥតបន្ទោសបាន សឹមឲ្យអ្នកទាំងនោះធ្វើជាអ្នកជំនួយចុះ។ 11 រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយមួលបង្កាច់ ផ្ទុយទៅវិញ ចេះទប់ចិត្ដ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ 12 អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែម្នាក់ ហើយគ្រប់គ្រងកូនៗ និងគ្រួសាររបស់ខ្លួនបានល្អ 13 ដ្បិតអ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អនោះ នឹងទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងមានសេចក្ដីក្លាហានយ៉ាងខ្លាំងនៅក្នុងជំនឿលើព្រះគ្រិស្ដយេស៊ូ។ 14 ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នក ទាំងសង្ឃឹមថានឹងបានមកជួបអ្នកនៅពេលឆាប់ៗនេះ 15 ប៉ុន្ដែបើខ្ញុំក្រមកក៏អ្នកនឹងដឹងអំពីរបៀបដែលត្រូវប្រព្រឹត្ដក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។ 16 ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.