ព្រះបន្ទូលជាពន្លឺដែលបំភ្លឺចិត្តខ្ញុំ នាំផ្លូវឲ្យខ្ញុំ និងជម្រុញចិត្តខ្ញុំពីเบื้องบน។ ព្រះបន្ទូលបានក្លាយជាកូនសាក់ដែលបើកផ្លូវទំនាក់ទំនងជាមួយព្រះវរបិតានៅស្ថានសួគ៌ និងព្រះយេស៊ូគ្រិស្តជាបុត្រាជាទីស្រឡាញ់របស់លោក។
ពេលយើងយកព្រះគម្ពីរមកដកស្រង់ឲ្យត្រឹមត្រូវ យើងបានផ្ដល់អំណាចដល់សម្ដីរបស់យើង ពីព្រោះព្រះបន្ទូលមានសេចក្ដីពិត ហើយតែងតែនៅជាមួយយើងគ្រប់ពេលដែលយើងត្រូវការ។
យើងត្រូវរៀនសូត្រ សញ្ជឹងគិត ស្រាវជ្រាវ និងទន្ទេញព្រះគម្ពីរ ដើម្បីរកឃើញសេចក្ដីពិត និងរួចផុតពីការកុហកទាំងអស់របស់មារ។ «គម្ពីរទាំងមូលបានចេញមកពីដង្ហើមរបស់ព្រះជាម្ចាស់ ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការស្ដីបន្ទោស ការកែតម្រូវ និងការអប់រំដោយសេចក្ដីសុច្ចរិត» (២ធីម៉ូថេ ៣:១៦)។
ព្រះបន្ទូលរបស់ព្រះក៏កាន់តែចម្រើនឡើង ហើយចំនួនពួកសិស្សកើនឡើងយ៉ាងច្រើននៅក្រុងយេរូសាឡិម ឯពួកសង្ឃយ៉ាងច្រើនលើសលុបក៏បានប្រតិបត្តិតាមជំនឿដែរ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។
សាសន៍យូដានៅក្រុងនេះ មានចិត្តល្អជាងសាសន៍យូដានៅក្រុងថែស្សាឡូនីច ដ្បិតគេទទួលព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិចារណាមើលគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះយេហូវ៉ា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើម ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។
គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
យើងបានស្បថដោយខ្លួនយើង ពាក្យនោះបានចេញពីមាត់យើង ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថពីដំណើរយើង។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ
ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ពាក្យរបស់យើង តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬ?
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម
គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។
តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ប៉ុន្ដែ តើបទគម្ពីរចែងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។
ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
អ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនោះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។
ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា
ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។
ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនោះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទៅ។
ព្រះបានបង្កើតយើងមក តាមព្រះហឫទ័យរបស់ព្រះអង្គ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានដូចជាផលដំបូងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។
ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។
រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។ មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។
ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ។ ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ តែព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ចវិញ ព្រះបន្ទូលនោះគឺជាដំណឹងល្អដែលបានប្រកាសប្រាប់អ្នករាល់គ្នា។
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលបកស្រាយបានតាមតែគំនិតរបស់មនុស្សឡើយ ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
ព្រោះគេចង់បំភ្លេចការនេះថា ផ្ទៃមេឃមានតាំងពីយូរលង់មកហើយ ឯផែនដីកើតចេញពីទឹក នៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះ ហើយថា ដោយសារទឹក ពិភពលោកនៅជំនាន់នោះត្រូវជន់លិច ហើយវិនាសទៅ។ តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។
សេចក្ដីដែលមានតាំងពីដើមដំបូង ជាអ្វីដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែក ក៏បានមើល ហើយដៃបានប៉ះពាល់ គឺអំពីព្រះបន្ទូលនៃជីវិត
ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
"យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចនឹងបិទបានឡើយ។ យើងដឹងថាអ្នកមានកម្លាំងបន្តិចមែន តែអ្នកបានកាន់តាមពាក្យរបស់យើង ក៏មិនបានបដិសេធឈ្មោះរបស់យើងដែរ។
ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។
ព្រះអង្គទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមព្រះអង្គហៅថា «ព្រះបន្ទូលនៃព្រះ»។
បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកបានឃើញត្រឹមត្រូវហើយ ដ្បិតយើងកំពុងព្យាយាម ធ្វើឲ្យពាក្យរបស់យើងបានសម្រេច»។
រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។