ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។
អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
អាហារដែលមនុស្សណាបានដោយការកំភូត រមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
ឯស្តេចណាដែលវិនិច្ឆ័យក្តី របស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះ នឹងបានតាំងឲ្យជាប់ជាដរាប។
ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។
ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។
៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។
សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង!
ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
អ្នកណាដែលដើរដោយ សេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយព្រះអង្គវិញ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងឲ្យមានមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ច។
អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។
នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ ពាក្យភូតភរឡើយ។
មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។
ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។
៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។
សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសម្ដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាត គេតែងគ្របបាំងសេចក្ដីខ្មាសវិញ។
កូនជញ្ជីងឆផ្សេងៗ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយការបំបាត់ភ្នែកជញ្ជីងក៏មិនល្អដែរ។
មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។
សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
ចូរបោះបង់ចោលមាត់ ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង
៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។
នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់ឯងមក
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
ដ្បិតព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៀងត្រង់ ហើយអស់ទាំងកិច្ចការរបស់ព្រះអង្គ ព្រះអង្គបានធ្វើដោយស្មោះត្រង់។
ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។
ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្ដីឆបោកវិញ។
៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាបន្ទាបខ្លួន អ្នកនោះនឹងត្រូវលើកតម្កើង។
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។
សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
សូមអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គ ដោយស្មោះត្រង់អស់អំពីចិត្តប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំធេង ដែលព្រះអង្គបានប្រោសដល់អ្នករាល់គ្នា។
គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។
ដំបូន្មាននៅក្នុងចិត្តមនុស្ស ធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
ដ្បិតយើងចង់ធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះ គឺនៅចំពោះមនុស្សដែរ។