គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវបាក់មុខ ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា។
ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។ គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។
អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក។ គេបែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ ហើយបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។
តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្ត នៅក្នុងក្រុងនានានៃស្រុកយូដា ហើយនៅតាមផ្លូវក្រុងយេរូសាឡិមទេឬ? គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។
សេចក្ដីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលថ្លែងទំនាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្ដីនៅក្នុងចិត្តគេ តើដល់កាលណាទៀត
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។
ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។
អ្នករាល់គ្នាមានចិត្តឆេះឆួលនឹងរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សម្លាប់កូនក្មេងនៅតាមក្រហែងថ្មច្រកភ្នំនានា។
ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង
ចំណែកអ្នករាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខអ្នករាល់គ្នាមិនព្រមស្តាប់តាមយើងទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់អ្នករៀងខ្លួនចុះ តែមិនត្រូវបង្អាក់ឈ្មោះបរិសុទ្ធរបស់យើង ដោយតង្វាយ និងរូបព្រះរបស់អ្នកទៀតឡើយ»។
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នកមានច្រើនដូចទីក្រុងទាំងប៉ុន្មានរបស់អ្នកដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះអ្នកក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសម្រាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ដែលរាប់ថាជាអំពើបាប។
តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។
មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយ ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ នៃសាសន៍ដទៃណាមួយដែរ។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ។ នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។
មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើខៀវខ្ចីទាំងប៉ុន្មាន ហើយបានប្រព្រឹត្តអំពើផិតក្បត់នៅទីនោះ។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។
ប៉ុន្តែ អ្នករាល់គ្នាដែលបោះបង់ព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់យើង ហើយក៏រៀបអាសនាមួយថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា
ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ
ចូរប្រយ័ត្នចុះ ក្រែងចិត្តអ្នករាល់គ្នាត្រូវសេចក្ដីល្បួង រួចបែរចេញទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ
យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ កុំស្តាប់តាមពាក្យរបស់ហោរា ដែលគេថ្លែងទំនាយប្រាប់អ្នករាល់គ្នាឲ្យសោះ គេនាំអ្នករាល់គ្នាឲ្យវង្វេងទេ គេសម្ដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឧស្ឋរបស់ព្រះយេហូវ៉ាឡើយ។
អស់ទាំងអាសនារបស់អ្នកនឹងត្រូវខូច ហើយរូបព្រះអាទិត្យរបស់អ្នកនឹងត្រូវបាក់បែក យើងនឹងបោះពួកអ្នកដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់អ្នក។
មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ
អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតអ្នករាល់គ្នាមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នា ពីក្នុងភ្លើងនៅភ្នំហោរែបនោះឡើយ ក្រែងអ្នករាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។
អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។
កុំឲ្យអ្នករាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់អ្នករាល់គ្នាផង យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
យើងនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្ដាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៀត
ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង បុព្វបុរសយើង និងពួកស្តេច ពួកមន្ត្រីរបស់យើងនៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាសោះ។ តែតាំងពីយើងលែងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយទៅ នោះយើងចេះតែខ្វះខាតគ្រប់ទាំងអស់ ហើយវិនាសដោយដាវ និងអំណត់»។
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់។
គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។
វាសុទ្ធតែអសារឥតការ ជាការបព្ឆោាតទេ នៅគ្រាដែលផ្ចាញ់ផ្ចាល វានឹងវិនាសបាត់ទៅ។
ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី? ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
ទីក្រុងនៅស្រុកយូដាទាំងប៉ុន្មាន និងពួកអ្នកនៅក្រុងយេរូសាឡិម នឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ។
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។
អ្នករាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់អ្នករាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកអ្នករាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។