ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ មានព្រះបន្ទូល ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល ពីសេចក្ដីសុខសាន្ត ដល់ប្រជារាស្ត្រព្រះអង្គ ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ គឺកុំឲ្យគេវិលត្រឡប់ ទៅរកសេចក្ដីចម្កួតទៀតឡើយ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។
ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស ដែលគិតគូរបង្កើតការអាក្រក់ តែមានអំណរសម្រាប់មនុស្ស ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។
ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។
ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ខ្ញុំឲ្យមកដែរ»។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងឲ្យមានសេចក្ដីសុខសម្រាប់យើងខ្ញុំ ដ្បិតកិច្ចការទាំងប៉ុន្មានដែលយើងខ្ញុំធ្វើ គឺព្រះអង្គដែលបានសម្រេចការនោះឲ្យយើងខ្ញុំ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ឱ បើអ្នកបានស្តាប់តាមបញ្ញត្តិទាំងប៉ុន្មានរបស់យើង នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកនៃសមុទ្រ។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
ទូលបង្គំពោលថា «ឱ សូមឲ្យទូលបង្គំមានស្លាប ដូចជាព្រាបទៅអេះ! នោះទូលបង្គំនឹងហើរទៅឲ្យបាត់ ហើយឲ្យបានសម្រាក មែនហើយ ទូលបង្គំនឹងទៅឲ្យឆ្ងាយ ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។ -បង្អង់ ទូលបង្គំនឹងប្រញាប់ស្វែងរកទីជ្រកកោន ឲ្យរួចផុតពីខ្យល់គំហុក និងព្យុះសង្ឃរា»។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ? ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ? ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ?
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ នឹងមានចិត្តត្រេកអរឡើង ព្រោះមាត់របស់មនុស្សភូតកុហក នឹងត្រូវបិទ។ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ ទាំងសម្លឹងមើលព្រះចេស្ដា និងសិរីល្អរបស់ព្រះអង្គ។ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។ ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។ មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។
សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។ តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។ ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ។ ត្រូវឲ្យអ្នកនោះស្វែងរកសេចក្ដីសុខសាន្ដ ហើយដេញតាមចុះ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត? តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។
ដ្បិតយើងបានចម្អែតព្រលឹងមនុស្សដែលល្វើយ ឯព្រលឹងព្រួយលំបាក យើងបានឲ្យស្កប់ចិត្តឡើងវិញ។