ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
១ យ៉ូហាន 3:6 - Khmer Christian Bible អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលស្ថិតនៅក្នុងព្រះអង្គ មិនបន្តប្រព្រឹត្តបាបទេ រីឯអស់អ្នកដែលបន្តប្រព្រឹត្តបាប មិនបានឃើញព្រះអង្គឡើយ ហើយក៏មិនបានស្គាល់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ អ្នកនោះមិនធ្វើបាបទេ តែអ្នកដែលធ្វើបាប មិនបានឃើញព្រះអង្គឡើយ ក៏មិនស្គាល់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ អាល់គីតាប អ្នកណាស្ថិតនៅជាប់នឹងអ៊ីសា អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញគាត់ ព្រមទាំងមិនស្គាល់គាត់ផង។ |
ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។
យើងដឹងថា យើងបានស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺបើយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ។
អ្នកណានិយាយថាខ្ញុំបានស្គាល់ព្រះអង្គហើយ ប៉ុន្ដែមិនកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ
បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះយើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។
អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ដូច្នេះហើយបានជាមិនអាចប្រព្រឹត្ដបាបបានឡើយ ដ្បិតគេកើតពីព្រះជាម្ចាស់
ប៉ុន្ដែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។
យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។