ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។
ហេព្រើរ 13:17 - Khmer Christian Bible ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរខ្មែរសាកល ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។ អាល់គីតាប ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ |
ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។
ហើយនៅក្នុងគ្រប់ទាំងការទូលអង្វររបស់ខ្ញុំ ខ្ញុំតែងតែទូលអង្វរដោយអំណរ សម្រាប់អ្នកទាំងអស់គ្នាជានិច្ច
ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ
ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ
ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ
ដូច្នេះ បងប្អូនជាទីស្រឡាញ់ ជាទីនឹករឮកបំផុត ជាអំណរ និងជាកិត្ដិយសរបស់ខ្ញុំអើយ! ចូរបងប្អូនឈរឲ្យមាំមួនដូច្នេះនៅក្នុងព្រះអម្ចាស់ចុះ
បើអ្នកណាមិនស្តាប់តាមពាក្យសំដីរបស់យើងក្នុងសំបុត្រនេះទេ ចូរសំគាល់អ្នកនោះចុះ ហើយកុំឲ្យមានទំនាក់ទំនងជាមួយគេឡើយ ដើម្បីឲ្យគេខ្មាស
ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
សូមជម្រាបសួរដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។
ដូច្នេះ ត្រូវចុះចូលជាមួយព្រះជាម្ចាស់ ហើយប្រឆាំងនឹងអារក្ស នោះវានឹងរត់ចេញពីអ្នករាល់គ្នា។
រីឯបុរសក្មេងវិញ ក៏ដូច្នេះដែរ ចូរចុះចូលជាមួយចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នាត្រូវចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។