ដូច្នេះ ដាវីឌមានរាជឱង្ការប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
២ សាំយូអែល 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ៊ីតតាយទូលតបថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មថា នៅកន្លែងណាដែលព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ ឬរស់ក្តី នោះទូលបង្គំ ជាបាវបម្រើទ្រង់ និងនៅទីនោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកអ៊ីតតាយទូលព្រះរាជាវិញថា៖ «បពិត្រព្រះករុណា ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមព្រះករុណាផ្ទាល់ថា ព្រះករុណាយាងទៅទីណា ទូលបង្គំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយព្រះករុណាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ៊ីតតាយទូលតបថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ នឹងទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ឬរស់ក្តី នោះទូលបង្គំ ជាបាវបំរើទ្រង់ នឹងនៅទីនោះដែរ អាល់គីតាប ប៉ុន្តែ លោកអ៊ីតតាយជម្រាបទតវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប និងក្នុងនាមស្តេចផ្ទាល់ថា ស្តេចទៅទីណា ខ្ញុំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយស្តេចដែរ»។ |
ដូច្នេះ ដាវីឌមានរាជឱង្ការប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
លោកអេលីយ៉ាបានប្រាប់ដល់អេលីសេថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេត-អែល»។ ប៉ុន្តែ អេលីសេប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលរស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ចុះទៅបេត-អែល។
លោកអេលីយ៉ាបានប្រាប់គាត់ថា៖ «អេលីសេអើយ ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងយេរីខូរ»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ទៅដល់យេរីខូរ។
បន្ទាប់មក លោកអេលីយ៉ាប្រាប់គាត់ថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ» ដូច្នេះ អ្នកទាំងពីរក៏ដើរទៅមុខទៀត។
បន្ទាប់មក ម្តាយរបស់កូននោះនិយាយថា៖ «នាងខ្ញុំសូមស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងដោយនូវព្រលឹងលោកដែលនៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកឡើយ!»។ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាង។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
ខ្ញុំនិយាយដូច្នេះ មិនមែនប្រកាន់ទោសអ្នករាល់គ្នាទេ ដ្បិតខ្ញុំបាននិយាយពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ហើយយើងស៊ូស្លាប់រស់ជាមួយគ្នា។
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។
ដូច្នេះ លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះ ដោយព្រោះព្រះយេហូវ៉ាបានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ។