គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
២ ពេត្រុស 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។ ព្រះគម្ពីរខ្មែរសាកល តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។ Khmer Christian Bible ហើយដោយសារសេចក្ដីទាំងនោះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេសអស្ចារ្យដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីសន្យាទាំងនោះ ព្រមទាំងរួចផុតពីសេចក្ដីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្ដីប៉ងប្រាថ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីសន្យានោះឯង ដោយបានរួចពីសេចក្ដីពុករលួយនៅក្នុងលោកីយនេះដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា អាល់គីតាប ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ |
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
ដ្បិតនៅក្នុងព្រះអង្គ គ្រប់ទាំងសេចក្តីសន្យារបស់ព្រះ សុទ្ធតែ «បាទ» ទាំងអស់។ ហេតុនេះហើយបានជាតាមរយៈព្រះអង្គ យើងពោលថា «អាម៉ែន» សម្រាប់ជាសិរីល្អរបស់ព្រះ។
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។
ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។
ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។