២ ពង្សាវតារក្សត្រ 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាបានប្រាប់ដល់អេលីសេថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេត-អែល»។ ប៉ុន្តែ អេលីសេប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលរស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ចុះទៅបេត-អែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់នៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល អាល់គីតាប អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតអុលឡោះតាអាឡាចាត់ខ្ញុំឲ្យទៅបេតអែល»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ |
ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។
ដល់ថ្ងៃដប់ប្រាំខែទីប្រាំបី ជាវេលាដែលទ្រង់បានគិតសម្រេចក្នុងព្រះហឫទ័យហើយ ទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនានោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យសម្រាប់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយនៅលើអាសនា។
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។
លោកអេលីយ៉ាបានប្រាប់គាត់ថា៖ «អេលីសេអើយ ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងយេរីខូរ»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ទៅដល់យេរីខូរ។
បន្ទាប់មក លោកអេលីយ៉ាប្រាប់គាត់ថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ» ដូច្នេះ អ្នកទាំងពីរក៏ដើរទៅមុខទៀត។
បន្ទាប់មក ម្តាយរបស់កូននោះនិយាយថា៖ «នាងខ្ញុំសូមស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងដោយនូវព្រលឹងលោកដែលនៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកឡើយ!»។ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាង។
ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។
ហើយនាងជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ខ្ញុំនេះហើយជាស្រ្តីដែលបានឈរអធិស្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។
ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។
ដូច្នេះ លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះ ដោយព្រោះព្រះយេហូវ៉ាបានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ។