១ កូរិនថូស 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ អ្នកដែលថ្លែងព្រះបន្ទូល និយាយទៅកាន់មនុស្ស ដើម្បីស្អាងទឹកចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ Khmer Christian Bible ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់ការស្អាងចិត្ដ ការលើកទឹកចិត្ដ និងការកំសាន្ដចិត្ដ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលអធិប្បាយវិញ អ្នកនោះនិយាយនឹងមនុស្ស សំរាប់នឹងស្អាងចិត្ត កំឡាំងចិត្ត ហើយកំសាន្តចិត្ត អាល់គីតាប ផ្ទុយទៅវិញ អ្នកណាថ្លែងបន្ទូលនៃអុលឡោះ អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្ដគេ។ |
ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។
មានលេវីម្នាក់ ឈ្មោះយ៉ូសេប ស្រុកកំណើតនៅកោះគីប្រុស ដែលពួកសាវកហៅថា បាណាបាស (ដែលប្រែថា កូននៃការលើកទឹកចិត្ត)
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង
អ្នកនិយាយថា៖ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែស្អាងចិត្តនោះឡើយ។
អ្នករាល់គ្នាក៏ដូច្នោះដែរ ដោយព្រោះអ្នករាល់គ្នាសង្វាតចង់បានអំណោយទានខាងវិញ្ញាណ នោះចូរខំឲ្យបានល្អវិសេសចុះ ដើម្បីស្អាងចិត្តក្រុមជំនុំ។
ដូច្នេះ បងប្អូនអើយ តើត្រូវធ្វើដូចម្តេច? ពេលអ្នករាល់គ្នាមកជួបប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ។ ចូរធ្វើគ្រប់ការទាំងអស់សម្រាប់ស្អាងចិត្តចុះ។
ដ្បិតអ្នករាល់គ្នាទាំងអស់ អាចថ្លែងទំនាយបានម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយឲ្យគ្រប់គ្នាបានទទួលការលើកទឹកចិត្ត
រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។
ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។
ខ្ញុំបានចាត់គាត់ឲ្យមកជួបអ្នករាល់គ្នាសម្រាប់គោលបំណងនេះឯង គឺឲ្យអ្នករាល់គ្នាបានដឹងពីសុខទុក្ខរបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នា
ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន
ដ្បិតអ្វីដែលយើងទូន្មាន នោះមិនមែនមកពីការបោកប្រាស់ អំពើស្មោកគ្រោក ឬល្បិចកលនោះទេ
ហើយយើងបានចាត់ធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីជួយពង្រឹង និងដាស់តឿនអ្នករាល់គ្នាឲ្យមានជំនឿរឹងមាំ
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងសូមទូន្មានអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា អ្នករាល់គ្នាបានរៀនពីយើងអំពីរបៀបរស់នៅ ឲ្យបានគាប់ព្រះហឫទ័យព្រះយ៉ាងណា អ្នករាល់គ្នាកំពុងធ្វើការនេះយ៉ាងណា សូមឲ្យអ្នករាល់គ្នារស់នៅយ៉ាងនោះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។
ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។
អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
ចូរឲ្យពួកអ្នកបម្រើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តចៅហ្វាយក្នុងគ្រប់ការទាំងអស់ ឥតក្រកែក
មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទទួលពាក្យទូន្មានរបស់ខ្ញុំនេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
ខ្ញុំបានសរសេរសំបុត្រយ៉ាងខ្លីមកអ្នករាល់គ្នា តាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយធ្វើបន្ទាល់ថា នេះជាព្រះគុណរបស់ព្រះពិតប្រាកដមែន ចូរឈរឲ្យមាំមួនឡើង។
រីឯអ្នករាល់គ្នាវិញ ពួកស្ងួនភ្ងាអើយ ចូរស្អាងខ្លួននៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ចូរអធិស្ឋានតាមព្រះវិញ្ញាណបរិសុទ្ធ