អេសាយ 40:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ ព្រះគម្ពីរខ្មែរសាកល ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ អាល់គីតាប ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាប ឲ្យស្មើផងដែរ។ |
មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។
នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។
ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ ដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។
ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសម្រាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យមួយ សម្រាប់ជនជាតិទាំងឡាយ។
ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា យើង គឺយេហូវ៉ា យើងបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺយើង យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ។
ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់ ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។