លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។
អេសាយ 40:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។ ព្រះគម្ពីរខ្មែរសាកល តើអ្នកមិនបានដឹងទេឬ? តើអ្នកមិនបានឮទេឬ? ព្រះដ៏អស់កល្ប គឺព្រះយេហូវ៉ាជាព្រះអាទិករនៃចុងបំផុតនៃផែនដី។ ព្រះអង្គមិនល្វើយឡើយ ក៏មិនអស់កម្លាំងផង; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ អាល់គីតាប តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។ |
លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។
តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ការជ្រាបច្បាស់បែបនេះ អស្ចារ្យពេកសម្រាប់ទូលបង្គំ គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។
ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
តើអ្នកមិនបានឮថា យើងបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះតាំងពីយូរមកហើយ? ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណមក ឥឡូវនេះ យើងបានសម្រេចការនេះហើយ គឺបានឲ្យអ្នកបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកិយ៍រៀងមកទេឬ?
ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា តើយើងនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល ឥតធ្វើឲ្យកើតមកផងឬ? ព្រះរបស់អ្នកក៏មានព្រះបន្ទូលសួរថា យើងដែលធ្វើឲ្យកើតមក តើយើងនឹងបង្ខាំងផ្ទៃឬ?
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ពិតប្រាកដជាប្រជារាស្ត្ររបស់យើងល្ងីល្ងើ គេមិនស្គាល់យើងសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរណាស់ហើយ អ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះក៏បានឃើញព្រះវរបិតាដែរ។ ហេតុដូចម្តេចបានជាអ្នកថា "សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ?"
ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ "យើងបានតាំងអ្នកសម្រាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបាននាំការសង្គ្រោះដល់ចុងបំផុតនៃផែនដី"» ។
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
«ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។
តើអ្នករាល់គ្នាមិនដឹងថា អ្នកណាដែលរួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះជារូបកាយតែមួយជាមួយនាងទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា៖ «អ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ»
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
ពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ព្រះអង្គនឹងបញ្ចេញផ្គរលាន់ ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ានឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានកម្លាំងដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យផង»។