ហេព្រើរ 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ យើងយល់ថាសាកលលោកត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ ដូច្នេះយើងយល់ថាអ្វីៗដែលមើលឃើញ មិនមែនកើតមកពីអ្វីៗដែលមើលឃើញនោះទេ។ Khmer Christian Bible ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។ អាល់គីតាប ដោយសារជំនឿយើងយល់ថា បន្ទូលរបស់អុលឡោះបានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។ |
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះយេហូវ៉ា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើម ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។
ឯព្រះយេហូវ៉ា ជាចំណែករបស់ពួកយ៉ាកុបមិនដូច្នោះទេ ដ្បិតព្រះអង្គគឺជាអ្នកដែលបានបង្កើតរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែល ជាកុលសម្ព័ន្ធនៃមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។
ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ
ដូចមានសេចក្តីចែងទុកមកថា «យើងបានតាំងអ្នកឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» ។ គឺនៅចំពោះព្រះដែលលោកបានជឿ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមានព្រះបន្ទូលហៅអ្វីៗដែលគ្មានរូបរាង ឲ្យកើតមាន។
គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។
ព្រោះគេចង់បំភ្លេចការនេះថា ផ្ទៃមេឃមានតាំងពីយូរលង់មកហើយ ឯផែនដីកើតចេញពីទឹក នៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះ
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។