សុភាសិត 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។ អាល់គីតាប អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។ |
ព្រះយេហូវ៉ានឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។
ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។
មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះ នឹងបានសងដល់អ្នកនោះវិញ។
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្ដាសាជាច្រើន។
អ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសម្រាប់មនុស្ស ដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ ហើយដល់ប្រាំបីនាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមាន ការអាក្រក់យ៉ាងណានៅផែនដីទេ
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយរើសចុះ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។