លោកុប្បត្តិ 42:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ អាល់គីតាប ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ |
យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។
ប៉ុន្ដែ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «គឺដូចជាខ្ញុំបានប្រាប់ពួកឯងមែន ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍!
យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។
លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។
ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
លោកយ៉ូសែបងើបមុខឡើងឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកក៏សួរថា៖ «តើនេះជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬ?» លោកពោលទៅប្អូនថា៖ «កូនអើយ សូមព្រះប្រោសប្រណីដល់ឯង!»។
ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។
នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់"
ម្នាក់បានឃ្លាតចេញពីពុកទៅបាត់ហើយ ពុកគិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន តាំងពីពេលនោះមក ពុកមិនដែលឃើញវាទេ។
ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។
បុព្វបុរសយើងខ្ញុំបានធ្វើបាប ហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
«មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។