លូកា 10:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។ Khmer Christian Bible ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ អាល់គីតាប ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញអ៊ីព្លេសចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅសូរ៉កាវិញ»។ |
ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺមនុស្សនៅក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ទាំងអស់។
ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស អស់អ្នកដែលថយចេញពីព្រះអង្គ នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម ដោយព្រោះគេបានបោះបង់ព្រះយេហូវ៉ា ដែលជាប្រភពទឹករស់។
យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំងពីរនោះ ដែលបានតតាំងជាមួយខ្ញុំ ក្នុងដំណឹងល្អផង ហើយលោកក្លេមេន និងគូកនខ្ញុំផ្សេងទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍
មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។
សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។