រ៉ូម 9:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្តីចែងទុកមកថា៖ «មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ដែលធ្វើឲ្យគេជំពប់ដួល ជាថ្មដាដែលធ្វើឲ្យគេរវាតចិត្ត ហើយអ្នកណាដែលជឿដល់ថ្មនោះ នឹងមិនត្រូវខ្មាសឡើយ» ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕ Khmer Christian Bible ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលរវាទចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានចែងទុកមកថា: យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ អាល់គីតាប ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាថ្មដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។ |
សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ!
ឱសូមរក្សាព្រលឹងទូលបង្គំ ហើយរំដោះទូលបង្គំផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងជ្រកក្នុងព្រះអង្គ។
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។
តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច អ្នករាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ព្រោះអ្នកនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ អ្នកនឹងភ្លេចសេចក្ដីខ្មាសដែលអ្នកមានពីកាលនៅវ័យក្មេង ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។
អ្នកណាដែលធ្លាក់លើថ្មនេះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនេះធ្លាក់លើ អ្នកនោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។
បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ប៉ុន្តែ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេធ្វើពិធីកាត់ស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? ប្រសិនបើខ្ញុំលែងប្រកាសអំពីឈើឆ្កាងវិញ នោះច្បាស់ជាគ្មានអ្នកណាជំពប់ចិត្តឡើយ។
អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។