យ៉ូស្វេ 24:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ ពួកមេដឹកនាំក្រុងយេរីខូរក៏ច្បាំងនឹងអ្នករាល់គ្នា ហើយមានសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូស រួមជាមួយដែរ តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូរក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី នឹងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ អាល់គីតាប អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ីតជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផងបានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ |
ព្រះអង្គបានប្រគល់ទឹកដី របស់សាសន៍នានាដល់គេ ហើយគេចាប់យកភោគផល ដែលប្រជាជនទាំងនោះបាននឿយហត់
៙ ឱសមុទ្រអើយ ហេតុអ្វីបានជារត់គេចដូច្នេះ? ឱទន្លេយ័រដាន់អើយ ហេតុអ្វីបានជាដកថយ?
កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។
ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ
យើងនឹងចាត់ឪម៉ាល់ឲ្យទៅមុនអ្នក ដែលវានឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន និងសាសន៍ហេត ចេញពីមុខរបស់អ្នក។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
យើងនឹងចាត់ទេវតាមួយឲ្យនាំមុខអ្នក ហើយយើងនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ។
ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។
បុព្វបុរសរបស់យើងក៏ទទួលរោងនោះតៗមក ហើយបាននាំយកមកជាមួយលោកយ៉ូស្វេ ពេលគេចាប់យកទឹកដីពីសាសន៍នានា ដែលព្រះបានបណ្តេញចេញពីមុខបុព្វបុរសរបស់យើង។ រោងនោះ នៅរហូតដល់ជំនាន់ព្រះបាទដាវីឌ
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។
កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
ប្រជាជនបានឡើងពីទន្លេយ័រដាន់មក នៅថ្ងៃទីដប់នៃខែទីមួយ ហើយគេក៏បោះជំរំនៅត្រង់គីលកាល នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូរ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួតនៅមុខអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាបានឆ្លងផុត ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យសមុទ្រក្រហម រីងស្ងួតនៅមុខយើង រហូតទាល់តែយើងបានឆ្លងផុតដែរ
ពួកគេបានរួមកម្លាំងគ្នាតែមួយ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងសាសន៍អ៊ីស្រាអែល។