យេរេមា 49:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហ្វូងអូដ្ឋ និងហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងត្រូវគេប្លន់យក យើងនឹងកម្ចាត់កម្ចាយពួកអ្នក ដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន របស់ពួកគេ ទុកជាជយភណ្ឌទៀតផង។ យើងនឹងកម្ចាត់ប្រជាជនដែលកោរជើងសក់ ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់ យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី កើតមានដល់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន របស់ពួកគេ ទុកជាជយភ័ណ្ឌទៀតផង។ យើងនឹងកំចាត់ប្រជាជនដែលកោរជើងសក់ ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់ យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី កើតមានដល់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
យើងនឹងនាំខ្យល់មកពីទិសទាំងបួន ធ្លាក់លើស្រុកអេឡាំ ហើយកម្ចាត់កម្ចាយគេទៅគ្រប់ទិសទាំងបួននោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលយើងនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់
គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដុម និងពួកកូនចៅអាំម៉ូន និងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្ដាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។