ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
យេរេមា 33:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង អាល់គីតាប «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសំដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។ |
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
អ្នកបានឮហើយ ចូរពិចារណាការទាំងនេះចុះ តើអ្នកនឹងមិនព្រមថ្លែងប្រាប់ទេឬ? ពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលអ្នកមិនបានស្គាល់។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
អ្នករាល់គ្នាត្រូវសួរអ្នកជិតខាង និងបងប្អូនអ្នករៀងខ្លួនដូច្នេះវិញថា តើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងដូចម្ដេច? ឬថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលយ៉ាងណា?
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យព្រះអង្គបានប្រោសមេត្តាដល់គេ ពីដំណើរអាថ៌កំបាំងនេះ ប្រយោជន៍ឲ្យដានីយ៉ែល និងគូកនរបស់លោកមិនត្រូវវិនាស ព្រមទាំងពួកអ្នកប្រាជ្ញឯទៀតៗ នៅស្រុកបាប៊ីឡូនផង។
ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។
ពេលនោះ អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ហើយក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះយេហូវ៉ាត្រាស់ហៅ។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។
ដ្បិតតើមានសាសន៍ដ៏ធំណាមួយដែលមានព្រះគង់នៅជិតគេ ដូចព្រះយេហូវ៉ាជាព្រះនៃយើងគង់ជិតយើង គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ?
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ"»។