យេរេមា 12:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុក ត្រូវស្វិតក្រៀមទៅដល់កាលណាទៀត? សត្វជើងបួន និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់ របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា៖ ព្រះអង្គនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សី ត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ នឹងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។ អាល់គីតាប តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ទ្រង់មិនឃើញដែរ!”។ |
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ញៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។
ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
គេបានធ្វើឲ្យទៅជាទីវិនាសអន្តររាយ ទីនោះសោយសោករកយើង ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវវិនាស ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ។
ពួកយូដាសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំង គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។
ដ្បិតស្រុកនេះមានពេញដោយមនុស្ស ដែលប្រព្រឹត្តអំពើកំផិត ហើយស្រុកក៏យំសោក ដោយព្រោះបណ្ដាសា អស់ទាំងទីឃ្វាលសត្វនៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្ដីអាក្រក់ ហើយគេប្រើអំណាចសម្រាប់តែការទុច្ចរិតទេ។
ខ្ញុំពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ
ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះយើងបានចេញវាចា យើងបានគិតសម្រេចការនេះហើយ យើងនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
ពួកហោរានឹងត្រឡប់ដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ព្រោះបានឆេះអស់ហើយ បានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើងបួនបានបាត់អស់ទៅហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ?
ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ និងសត្វហើរលើអាកាសផង សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
លោកពោលថា ព្រះយេហូវ៉ាគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិម នោះវាលស្មៅរបស់ពួកគង្វាលក៏សោកសៅ ហើយកំពូលភ្នំកើមែលក៏ហួតហែងទៅ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?»
យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ