ម៉ាថាយ 6:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កុំបារម្ភអំពីថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងបារម្ភអំពីខ្លួនវា។ មួយថ្ងៃៗមានការលំបាកល្មមសម្រាប់ខ្លួនវាហើយ។ Khmer Christian Bible ដូច្នេះ ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ រឿងថ្ងៃស្អែកចាំគិតថ្ងៃស្អែក ដ្បិតបញ្ហាមួយថ្ងៃៗល្មមគ្រប់គ្រាន់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។ អាល់គីតាប កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។ |
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ?
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់
ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
រនុកទ្វាររបស់អ្នកជាដែក និងលង្ហិន ហើយសូមឲ្យកម្លាំងរបស់អ្នកនៅស្ថិតស្ថេរ ដូចអាយុរបស់អ្នកដែរ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។