ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សេចក្ដីមេត្តារបស់ព្រះអង្គធំក្រៃលែង; សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង។
ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។
ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលប់ សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់
ឱអុលឡោះតាអាឡាអើយ ទ្រង់តែងតែ មានចិត្តអាណិតមេត្តាជានិច្ច សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមហ៊ូកុំដែលទ្រង់បានបង្គាប់មក។
ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សឡើយ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាដថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃមនុស្សឡើយ»។
៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង!
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះទូលបង្គំ ធំអស្ចារ្យណាស់ ព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចផុតពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ៏ជ្រៅបំផុត។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។