ដានីយ៉ែល 4:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។ ព្រះគម្ពីរខ្មែរសាកល យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក នឹងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ អាល់គីតាប យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើបន្ទប់សម្រាន្ត យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ |
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ទ្រង់មានសុបិននិមិត្ត ហើយវិញ្ញាណរបស់ស្ដេចមានការរំខាន ធ្វើឲ្យទ្រង់ផ្ទំមិនលក់។
ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «យើងមានសុបិនមួយ ហើយវិញ្ញាណយើងមានការរំខាន ដោយព្រោះចង់ដឹងពីសុបិននោះ»។
និមិត្តដែលយើងឃើញក្នុងគំនិតនៅលើដំណេក គឺយើងឃើញដូច្នេះ មានដើមឈើមួយមានកម្ពស់យ៉ាងក្រៃលែង នៅកណ្ដាលផែនដី
និមិត្តដែលយើងបានឃើញក្នុងគំនិត កាលនៅលើដំណកនោះ យើងឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក។
ប៉ុន្តែ ត្រូវឲ្យទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ ទុកចោលនៅវាលស្មៅទៅ។ ត្រូវទុកឲ្យវាទទឹកជោកដោយទឹកសន្សើមពីលើមេឃ ហើយឲ្យវាមានចំណែកជាមួយ សត្វស៊ីស្មៅនៃផែនដីផង។
ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ!
រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។
ក្នុងនគររបស់ព្រះករុណា មានបុរសម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ព្រះកុរណា គេឃើញមានពន្លឺ យោបល់ និងប្រាជ្ញា ដូចប្រាជ្ញារបស់ព្រះនៅក្នុងអ្នកនោះ។ ព្រះបាទនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងអ្នកនោះជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិនឃើញ ហើយមាននិមិត្តមួយក្នុងគំនិត ក្នុងពេលលោកសម្រាកក្នុងដំណេក។ បន្ទាប់មក លោកកត់ត្រាសុបិននោះ ហើយរៀបរាប់ប្រាប់អត្ថន័យសំខាន់ៗដោយសង្ខេប។
សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។