ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
ជនគណនា 10:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល អាល់គីតាប ម៉ូសាមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់គាត់ថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដីដែលអុលឡោះតាអាឡាសន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្តល់ឲ្យបងមានសុភមង្គល ដែលអុលឡោះតាអាឡាបានសន្យាប្រទានឲ្យជនជាតិអ៊ីស្រអែល»។ |
ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។
នៅថ្ងៃនោះ ព្រះយេហូវ៉ាតាំងសញ្ញាជាមួយអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង!
លោកយេត្រូជាសង្ឃនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រោសដល់លោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីដំណើរដែលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ
លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។
បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកក៏លាគ្នា ហើយលោកយេត្រូក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
កាលនាងទាំងនោះទៅជួបរេហួលជាឪពុក លោកក៏សួរថា៖ «ម្តេចបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះថ្ងៃនេះ?»
លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។
កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។
គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
កូនចៅអ៊ីស្រាអែលចេញដំណើរជាក្បួនទ័ព តាមអង្គភាពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
ព្រះទ្រង់មិនមែនជាមនុស្សដែលចេះកុហកនោះឡើយ ក៏មិនមែនជាកូនមនុស្សដែលផ្លាស់ប្ដូរគំនិតនោះដែរ។ ព្រះអង្គបានសន្យាហើយ តើទ្រង់មិនធ្វើតាមទេឬ? ព្រះអង្គបានមានព្រះបន្ទូលហើយ តើទ្រង់មិនសម្រេចតាមទេឬ?
ព្រះមិនបានប្រទានឲ្យលោកមានមត៌កអ្វីនៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានផង តែទ្រង់បានសន្យាថានឹងប្រទានស្រុកនេះ ទុកជាមត៌កដល់លោក និងពូជពង្សរបស់លោកជំនាន់ក្រោយ ទោះជាលោកមិនទាន់មានកូនក៏ដោយ។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងនាំអ្នកមកក្នុងស្រុកដែលបុព្វបុរសអ្នកបានចាប់យក ហើយអ្នកនឹងចាប់យកស្រុកនោះវិញ។ ព្រះអង្គនឹងប្រោសសេចក្ដីល្អដល់អ្នក ហើយនឹងចម្រើនអ្នកឲ្យមានគ្នាច្រើន លើសជាងបុព្វបុរសរបស់អ្នកទៅទៀត។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប
ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។
ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។
រីឯហេប៊ើរជាសាសន៍កែន បានបែកចេញពីពួកសាសន៍កែន គេជាកូនចៅរបស់ហូបាប់ ឪពុកក្មេករបស់លោកម៉ូសេ។ គាត់បានមកបោះជំរំក្បែរដើមម៉ៃសាក់ នៅស្អាណានីម ដែលនៅជិតកេដេស។
ស្ដេចសូលមានរាជឱង្ការទៅសាសន៍កែនថា៖ «ចូរអ្នករាល់គ្នាថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ ក្រែងត្រូវស្លាប់ជាមួយគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក»។ ដូច្នេះ ពួកសាសន៍កែនក៏ថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ។