ចោទិយកថា 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ហោរាណាដែលហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងក្នុងនាមព្រះដទៃ ហោរានោះនឹងត្រូវស្លាប់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែហោរាណាដែលនឹងនិយាយប្រាប់អ្វីតាមតែអំពើចិត្ត ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ឲ្យសោះ ឬដែលនឹងនិយាយដោយនូវឈ្មោះព្រះដទៃ ហោរានោះនឹងត្រូវស្លាប់ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ |
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះលោកអេលីយ៉ាពោលចំអកថា៖ «ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញមួយភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង»។
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកហោរា ដែលលួចពាក្យយើងចេញពីគ្នាទៅវិញទៅមក
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកហោរាដែលប្រើអណ្ដាតនិយាយថា ព្រះអង្គមានព្រះបន្ទូល។
ពួកសង្ឃ និងពួកហោរា គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា៖ មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានថ្លែងទំនាយទាស់នឹងក្រុងនេះ ដូចជាអស់លោកបានឮផ្ទាល់នឹងត្រចៀកស្រាប់។
ព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេឲ្យមកទេ គឺគេថ្លែងទំនាយកុហក ដោយនាមយើង ដើម្បីឲ្យយើងបានបណ្តេញអ្នករាល់គ្នាចេញ ហើយអ្នករាល់គ្នាត្រូវវិនាស គឺទាំងខ្លួនអ្នករាល់គ្នា និងពួកហោរាដែលថ្លែងទំនាយនោះផង។
គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។
គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់
អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល
ប្រសិនបើអ្នកគិតក្នុងចិត្តថា "ធ្វើដូចម្ដេចឲ្យយើងដឹងជាពាក្យណាដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល?"
គឺពេលហោរាណាម្នាក់ថ្លែងក្នុងព្រះនាមព្រះយេហូវ៉ា បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ឬមិនពិតដូចពាក្យប្រកាសទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល គឺហោរានោះបាននិយាយតាមតែអំពើចិត្តរបស់ខ្លួន អ្នកមិនត្រូវខ្លាចគេឡើយ»។
ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
ពេលណាដែលគេចេញទៅ ព្រះហស្តរបស់ព្រះយេហូវ៉ាចេះតែទាស់នឹងគេជានិច្ច ឲ្យគេជួបតែនឹងសេចក្ដីអាក្រក់ ដូចព្រះយេហូវ៉ាបានព្រមានរួចមកហើយ ហើយក៏ដូចព្រះយេហូវ៉ាបានស្បថនឹងគេដែរ។ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។