ចោទិយកថា 18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯកសិទ្ធិរបស់ពួកសង្ឃ និងពួកលេវី 1 «ពួកលេវីដែលជាសង្ឃ គឺកុលសម្ព័ន្ធលេវីទាំងមូល មិនត្រូវមានចំណែក ឬមត៌កជាមួយពួកអ៊ីស្រាអែលឡើយ។ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលជាចំណែករបស់ព្រះយេហូវ៉ា។ 2 ពួកគេមិនត្រូវមានមត៌កក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះយេហូវ៉ា ជាមត៌ករបស់គេ ដូចព្រះអង្គបានសន្យានឹងគេស្រាប់ហើយ។ 3 នេះជាចំណែកដែលប្រជាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជា ត្រូវជូនដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាមទាំងពីរ និងក្រពះផង។ 4 ត្រូវយកផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង និងរោមចៀមរបស់អ្នក ដែលកាត់មុនដំបូង ជូនដល់លោក។ 5 ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ឲ្យឈរបំពេញមុខងារ ក្នុងព្រះនាមព្រះយេហូវ៉ា ជារៀងរហូត។ 6 ប្រសិនបើមានពួកលេវីណាម្នាក់ ចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងចង់ទៅកន្លែងមួយ ដែលព្រះយេហូវ៉ានឹងជ្រើសរើស គាត់អាចទៅបាន 7 ហើយបំពេញមុខងារក្នុងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់គាត់ ដូចពួកលេវីទាំងប៉ុន្មាន ជាបងប្អូនរបស់គាត់ ដែលឈរបំពេញមុខងារនៅទីនោះ នៅចំពោះព្រះយេហូវ៉ាដែរ។ 8 គាត់នឹងមានចំណែកអាហារបរិភោគស្មើគ្នា ក្រៅពីតម្លៃកេរអាកររបស់ឪពុកដែលគាត់លក់បាន»។ អំពើដែលគួរឲ្យស្អប់ខ្ពើម 9 «កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ នោះមិនត្រូវរៀនធ្វើត្រាប់តាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ។ 10 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ 11 គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ 12 ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។ 13 អ្នកត្រូវឲ្យបានឥតសៅហ្មងនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកជានិច្ច 14 ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។ ហោរាថ្មីម្នាក់ដូចលោកម៉ូសេ 15 «ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ 16 ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។ 17 ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "សេចក្ដីដែលគេនិយាយនោះត្រឹមត្រូវហើយ 18 យើងនឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់គេ ដូចជាអ្នកដែរ ពីចំណោមពួកបងប្អូនរបស់គេ ហើយយើងនឹងដាក់ពាក្យរបស់យើងក្នុងមាត់ហោរានោះ រួចលោកនឹងថ្លែងប្រាប់គេ គ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់លោក។ 19 អ្នកណាមិនស្តាប់ពាក្យរបស់យើង ដែលហោរានោះ នឹងថ្លែងប្រាប់ក្នុងនាមយើងទេ នោះយើងនឹងធ្វើទោសអ្នកនោះ។ 20 ប៉ុន្តែ ហោរាណាដែលហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងក្នុងនាមព្រះដទៃ ហោរានោះនឹងត្រូវស្លាប់"។ 21 ប្រសិនបើអ្នកគិតក្នុងចិត្តថា "ធ្វើដូចម្ដេចឲ្យយើងដឹងជាពាក្យណាដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល?" 22 គឺពេលហោរាណាម្នាក់ថ្លែងក្នុងព្រះនាមព្រះយេហូវ៉ា បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ឬមិនពិតដូចពាក្យប្រកាសទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល គឺហោរានោះបាននិយាយតាមតែអំពើចិត្តរបស់ខ្លួន អ្នកមិនត្រូវខ្លាចគេឡើយ»។ |
© 2016 United Bible Societies
Bible Society in Cambodia