រ៉ូម 4:5 - អាល់គីតាប ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមហ៊ូកុំ តែមានជំនឿលើអុលឡោះដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ទ្រង់ឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ព្រះគម្ពីរខ្មែរសាកល រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។ Khmer Christian Bible រីឯអ្នកដែលមិនប្រព្រឹត្ដ តែជឿព្រះអង្គដែលបានរាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ជាសុចរិត នោះព្រះជាម្ចាស់នឹងរាប់គេជាសុចរិតដោយសារជំនឿរបស់គេនោះឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្ដីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្ដីសុចរិតវិញ |
អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។
ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។
ហេតុនេះហើយបានជាទតថ្លែងអំពីសុភមង្គលរបស់អ្នកដែលអុលឡោះប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្ដអំពើល្អថាៈ
និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អ៊ីព្រហ៊ីម និងណាហ៊ររស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។