យ៉ូហាន 10:2 - អាល់គីតាប រីឯអ្នកដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកដែលចូលតាមទ្វារ ជាអ្នកគង្វាលរបស់ចៀម។ Khmer Christian Bible រីឯអ្នកដែលចូលតាមទ្វារវិញ អ្នកនោះជាអ្នកគង្វាលចៀម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត |
ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
ពេលនោះ ប្រជារាស្ត្ររបស់ទ្រង់នឹកដល់ ជំនាន់ម៉ូសា។ តើទ្រង់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើទ្រង់ដែលប្រទានរសដ៏វិសុទ្ធ ឲ្យនៅជាមួយពួកគេ ទ្រង់នៅឯណា?
យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺទតជាអ្នកបម្រើរបស់យើងនឹងធ្វើជាអ្នកគង្វាលមើលថែទាំពួកគេ។
មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង ដើម្បីឈ្លានពានទឹកដីរបស់យើង ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី កណ្ដាប់ដៃរបស់ពួកគេ។
ចូរស្ដាប់សំរែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ ចូរស្ដាប់សំរែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរគុណអុលឡោះតាអាឡា ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតែងតាំងអះលីជំអះ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរ គឺជាម៉ាឡាអ៊ីកាត់របស់ក្រុមជំអះទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំអះទាំងប្រាំពីរនោះឯង»។