កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
២ របាក្សត្រ 7:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញ ក្នុងកាលដែលភ្លើងធ្លាក់មក និងសិរីល្អនៃព្រះនៅលើព្រះវិហារ នោះគេក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក នឹងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។ អាល់គីតាប ជនជាតិអ៊ីស្រអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅលើដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយបង្គំអុលឡោះតាអាឡា និងសរសើរតម្កើងទ្រង់ថា «ទ្រង់ជាម្ចាស់ដ៏សប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។ |
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
លោកហេម៉ាន និងលោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះ ដើម្បីលើកតម្កើងព្រះអម្ចាស់ ក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្ដេច។
ព្រះបាទយ៉ូសាផាតក្រាបចុះ ឱនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាឱនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។
បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។
ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះរាជា និងអស់អ្នកដែលនៅជាមួយស្ដេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
បន្ទាប់មក ព្រះបាទហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអេសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលុប រួចនាំគ្នាឱនកាយក្រាបថ្វាយបង្គំ។
ក្រុមអ្នកផ្លុំត្រែ និងក្រុមចម្រៀង នាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងព្រះអម្ចាស់។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចម្រៀងនាំគ្នាច្រៀងសរសើរព្រះអម្ចាស់ ដោយពាក្យថា «ព្រះអង្គជាព្រះដ៏ល្អសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!» ។ ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។
ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
ហាលេលូយ៉ា! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក
ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។
ខ្ញុំសូមរំឭកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ចំពោះកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែល គឺកិច្ចការដែលព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលុប និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។
គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
គឺមានភ្លើងចេញពីព្រះអម្ចាស់ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះឱនមុខដល់ដី។
លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ