ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដរាប​ដល់​ព្រះ‌យេហូវ៉ា​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ចេញ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភ័ក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះអុលឡោះ‌តាអាឡា​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ឆ្ងាយ​ពី​ទ្រង់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​តាម​រយៈ​ណាពី​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:23
29 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ​មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​មក​បូជា នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។


ព្រះអង្គ​បោះ​បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។


យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។


ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះអង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។


ព្រះ‌អម្ចាស់​ព្រមាន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ក្រឹត្យ‌វិន័យ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង»។


ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។


ដូច្នេះ ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។


កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។


នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


យើង​នឹង​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។


ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។


ប៉ុន្តែ ស្ដេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។


ក្រុង​ដាម៉ាស​ជា​រាជ​ធានី ​របស់​ស្រុក​ស៊ីរី ស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ លែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ នៅ​គ្រា​នោះ ព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។


យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។


ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ ព្រះអង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ ព្រះអង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាង ក្រុង​ដាម៉ាស​ទៅ​ទៀត»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ តើ​នរណា​នាំ​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​ឲ្យ​យូដា​គោរព ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូ‌សាឡឹម!


យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរ យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ ទម្លាក់​ទៅ​ក្នុង​ជ្រោះ ហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។


ហេតុ​នេះ ពេល​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ បែង​ចែក​ដី​គ្នា គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។


ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយ យើង​មុខ​ជា​ឃើញ​ថា ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ ពួក​គេ​ជា​មនុស្ស​ពាល គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។


ចូរ​ចង​ចាំ​ឲ្យ​ច្បាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លែង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ហើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​អង្គប់ ហើយ​ប្រៀប​ដូច​ជា​រំពាត់​ខ្សែ‌តី​វាយ​លើ​ខ្នង ឬ​ជា​បន្លា នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ។


កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន​បាន​បន្ត​តំណែង​បូជា‌ចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក ។